ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

កូរ៉េខាងជើងបាញ់មីស៊ីលលឿនជាងសំឡេងថ្មីមួយនៅមុនពេលលោក ត្រាំ ឡើងកាន់តំណែង

 


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពិនិត្យមើលការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលលឿនជាងសំឡេងកម្រិតមធ្យមថ្មី (IRBM) កាលពីថ្ងៃចន្ទដោយបានសន្យាថានឹងពន្លឿនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងថែមទៀត។

 

 

នេះគឺជាការបាញ់មីស៊ីលលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកា ហើយវាបានកើតឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អេនថូនី ប្ល៊ីនខិន បានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីជាមួយនឹងប្រទេសជប៉ុនដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។

 

 

ការសាកល្បងនេះបានធ្វើឡើងនៅមុនពេលមិនដល់ពីរសប្តាហ៍នៃការស្បថឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលធ្លាប់បានបើកកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយនឹងលោក គីម ជុងអ៊ុន នៅក្នុងអាណត្តិដំបូងរបស់លោក ត្រាំ។

 

 

ទូរទស្សន៍ KCNA បាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ចេញពីជាយទីក្រុងព្យុងយ៉ាង ហើយហោះបានចម្ងាយប្រហែល១៥០០គីឡូម៉ែត្រក្នុងល្បឿនជាងសំឡេង១២ដងដោយឈានដល់រយៈកម្ពស់ជិត១០០គីឡូម៉ែត្រ មុនពេលវាបានធ្លាក់នៅលើគោលដៅមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025