ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ក្រុមមន្ត្រីស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ(៧មករា) កំពុងរង់ចាំកំពុងរង់ចាំដីកាចាប់ខ្លួនថ្មីពីតុលាការដើម្បីចាប់ខ្លួនលោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol ខណៈប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងភាពចលាចលនយោបាយក្រោយពីបរាជ័យប្រកាសច្បាប់អាជ្ញាសឹក។
ដីកាថ្មីនេះ ទំនងជាចេញដោយតុលាការដែលបានចេញដីកាចាប់ខ្លួនទី១ដដែល។ ដីកាចាប់ខ្លួនទី១បានផុតកំណត់ទៅក្រោយរយៈពេល៧ថ្ងៃ។ ប៉ុន្តែសម្រាប់ដីកាចាប់ខ្លួនទី២នេះក្រុមមន្ត្រីស៊ើបអង្កេត មិនបានបញ្ជាក់ពីកាលផុតកំណត់ឡើយ។
ការអនុវត្តន៍ដីកាចាប់ខ្លួនទី១ត្រូវបរាជ័យ។ នៅថ្ងៃសុក្រ៣មករាកន្លងទៅ មន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងត្រូវបានរារាំងពីសំណាក់កម្លាំងសន្តិសុខប្រធានាធិបតីនិងយោធាមិនអាចអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េរូបនេះបាន។ ស្ថានភាពប្រទាញប្រទង់គ្នាមិនអាចអនុវតន៍ដីកាចាប់ខ្លួនបានមានរយៈពេលដល់ទៅ៦ម៉ោង។
ស្របគ្នា ក៏មាន បាតុកម្មទាំងក្រុមអ្នកគាំទ្រនិងក្រុមប្រឆាំងចេញមកតវ៉ាព្រមគ្នាជុំវិញការចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។ ទោះជាស្ថិតនៅក្នុងអាកាសធាតុព្រិលធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យ(៥មករា) ក៏មនុស្សរាប់ពាន់នាក់នៅតែជំនះអាកាសធាតុត្រជាក់មកប្រមូលផ្តុំគ្នាទាំងគាំទ្រនិងប្រឆាំង ការចាប់ខ្លួនលោកYoon Suk Yeolប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងក្រោមការបោះឆ្នោតចោទប្រកាន់ទោសពីសភា។
មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅជិតលំនៅដ្ឋានរបស់លោកYoon មានខ្លះជំរុញឱ្យមានការចាប់ខ្លួនលោកឱ្យបានឆាប់រហ័ស ហើយខ្លះតវ៉ាប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីកូរ៉េរូបនេះ។ នៅក្នុងការតវ៉ានៅថ្ងៃអាទិត្យ មានបាតុករមួយចំនួន ប្រមូលផ្តុំនៅពេលយប់នៅទីក្រុងសេអ៊ូល ដែលមានសីតុណ្ហភាពធ្លាក់ចុះក្រោមដក៥អង្សាសេរ។ ព្រិលធ្លាក់មានកំពស់ជាង៦សង់ទីម៉ែត្រនៅតំបន់មួយចំនួនក្នុងទីក្រុងដែលស្ថិតនៅក្រោមការព្រមានពីព្រិលធ្លាក់ខ្លាំងមួយនេះ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវសភាចោទប្រកាន់ទោស និងព្យួរតំណែងប្រធានាធិបតីរបស់លោក។ ស្របគ្នាតុលាការធម្មនុញ្ញ ត្រូវសម្រេចថាតើលោកត្រូវដកតំណែងឬយ៉ាងណា ជុំវិញករណីប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន។
ប្រែសម្រួល៖ណាវ័ន្ត