ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

សម្តេច ហ៊ុន សែន ជឿជាក់លើរដ្ឋាភិបាលក្នុងការនាំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០

០៧ មករា ២០២៥ | សេដ្ឋកិច្ច

 

សម្តេច ហ៊ុន សែន ជឿជាក់ថា ចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី ៧ គឺនាំ កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

 

 

នាពិធីអបអរសាទរខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១៦ខែកន្លងមកនេះ ដែលឈរលើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះ កំពុងបង្កើនសមត្ថភាពខ្លួនឡើងវិញ ក្នុងជំហរឈានទៅមុខ ស្របតាមក្រឹត្យក្រមនៃការអភិវឌ្ឍសង្គម។

 

 

ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ក្នុងការដឹកនាំរបស់អ្នកបន្តវេន មានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន មានសក្តានុពល ថាមពល មធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ដើម្បីដឹកនាំនាវាកម្ពុជា។

 


សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 


សម្តេច បន្តថ្លែងយ៉ាងដូច្នេះថា៖ ពិតណាស់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំក្លា ក្លាយជាអរិយប្រទេសមួយនោះ កម្ពុជាត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែទ្វេឡើងប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់កម្ពុជា ក្លាយជាការពិត គឺកម្ពុជាជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។ 

 


ប្រធានគណប្រជាជនកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ បានសម្រេចនូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់ខ្លួន។ ក្នុងនោះ សេដ្ឋកិច្ចកម្ពុជា សម្រេចកំណើនបានក្នុងរង្វង់ ៦% អត្រាប្តូរប្រាក់មានស្ថិរភាព អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។

 

បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រែក្លាយកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយបានផ្តល់អោយប្រជាជនខ្មែរជាង ៧លាននាក់ មានប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស. ដែលអាចទទួលបានសេវាព្យាបាល ជំងឺដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក៏បានជួយដល់ប្រជាពលនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជួយអាជីវកម្មតាមរូបភាពបណ្តុះបណ្តាលជំនាញអាជីវកម្ម និងផ្តល់ប័ណ្ណប.ស.ស.។

 

សូមជម្រាបថា យោងតាមឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» បានបង្ហាញឲ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥, គោលដៅយុទ្ធសាស្ត្រចំនួន៥ និងអាទិភាពគន្លឹះចំនួន៥ ផងដែរ។

 

ចំពោះបាវចនា ៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ ចំណែកឯគោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រីឯគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025