ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ប្រទេសថៃ នឹងបន្តជំរុញបញ្ចប់ការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅឆ្នាំ ២០២៥នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីពន្លឿនការស្ទុះងើបសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប អាចនឹងកើតឡើងក្នុងខែនេះ ដែលជាសញ្ញាដំបូងរបស់ប្រទេសថៃ ជាមួយបណ្តាប្រទេសនៅអឺរ៉ុប។
លើសពីនេះ រាជរដ្ឋាភិបាលថៃ ក៏កំពុងធ្វើការ ដើម្បីបញ្ចប់ការចរចាជាមួយដៃគូសំខាន់ៗដូចជា សហភាពអឺរ៉ុប កូរ៉េខាងត្បូង អាស៊ាន-កាណាដា និងប៊ូតាន ដែលមានបំណងបញ្ចប់កិច្ចព្រមព្រៀងនៅឆ្នាំនេះ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន ១៥ ជាមួយនឹងប្រទេសចំនួន ១៨។
ដោយឡែក ការបញ្ចប់ការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គឺរួមមាន ប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលីចតេនស្ទីន គឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយ ដោយសារតែទីផ្សារដែលមានសក្តានុពលខ្ពស់ មានកម្លាំងទិញខ្លាំង និងល្បីល្បាញខាងបច្ចេកវិទ្យា និងការច្នៃប្រឌិត។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ថៃ-ស្រីលង្កា ត្រូវបានគេរំពឹងថា នឹងចូលជាធរមាន នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ ប្រទេសថៃកំពុងជំរុញការចរចារបស់ខ្លួនជាមួយកូរ៉េខាងត្បូង ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ដែលស្វែងរកការពង្រីកលទ្ធភាពទទួលបានទីផ្សារលើសពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់អាស៊ាន-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួរតែបង្កើនឱកាសសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ លើកកំពស់ស្តង់ដារ និងពង្រឹងការប្រកួតប្រជែងរបស់ប្រទេសថៃ។
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ