ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
អគ្គនាយកដ្ឋានការិយាល័យស្ថិតិ បានឱ្យដឹងថា វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួន ៧៨៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
អគ្គនាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបញ្ជាក់ថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងឆ្នាំ ២០២៤នេះ សម្រេចបានជាង ៧៨៦ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានចំនួន ៤០៥ពាន់លានដុល្លារ និងនាំចូល ៣៨០ពាន់លានដុល្លារ ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ២៤ពាន់លានដុល្លារអាមេរិក។
ភាគច្រើននៃទំនិញនាំចេញសំខាន់ៗចំនួន ៣៧ មានការនាំចេញខ្ពស់ជាង ១ពាន់លានដុល្លារស្មើនឹងចំនួន ៩៤% នៃការនាំចេញសរុប។ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានថ្លែងថា រដ្ឋ នឹងបន្តលើកកម្ពស់ការនាំចេញនៅឆ្នាំ ២០២៥ ដោយនៅឆ្នាំនេះ រដ្ឋ នឹងផ្តោតលើការអនុវត្តច្បាប់អគ្គិសនីដែលបានកែសំរួល សម្របសម្រួលការអនុវត្តច្បាប់ និងបំពេញសេចក្តីព្រាងច្បាប់ស្តីពី សារធាតុគីមី សម្រាប់ការអនុម័តនៅរដ្ឋសភាលើកទី ៩ របស់ខ្លួន។
លើសពីនេះទៀត វៀតណាម នឹងប្រើប្រាស់នូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងស្វែងរកការចុះហត្ថលេខាថ្មី ដើម្បីពង្រីកទីផ្សារ និងធ្វើពិពិធកម្មទំនិញនាំចូល និងនាំចេញ។
សម្រាប់ឆ្នាំ ២០២៥ រដ្ឋសភា បានកំណត់គោលដៅចំណូលថវិការដ្ឋចំនួន ១៦ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើការព្យាករណ៍កំណើន GDP ៧% និងតម្លៃប្រេងឆៅប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ