ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់និយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដទៃទៀត នៅក្នុងរោងចក្រសហគ្រាស គឺជាកត្តាមួយយ៉ាងសំខាន់ សម្រាប់ធ្វើឱ្យសហគ្រាសមួយមានផលិតភាព និងសុខដុមនីយកម្ម ទាំងទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរ ដែលអាចឈានដល់ការពង្រីកអាជីវកម្ម បង្កើតឱកាសការងារជាច្រើនកន្លែង បន្ថែមទៀតដល់ពលរដ្ឋកម្ពុជា ខណ:ទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា ចំពោះគោលនយោបាយដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ បានបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីអត្ថប្រយោជន៍ជាច្រើនទៀត ដែលកម្មករនិយោជិតទទួលបាន ជាពិសេសផ្នែកកិច្ចគាំពារសង្គម។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខ ដល់កម្មករជាញឹកញាប់ លើសពីនេះ ក្រសួងក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស និយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករ និយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់របស់រដ្ឋជាធរមាន។
គួរជម្រាបថា បើតាមទិន្នន័យចុងក្រោយបំផុតពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០២៤ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦,៩ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ឬ ៤០% និងបង្កើតបានឱកាសការងារជាង ៣៣ម៉ឺនកន្លែង ខណៈគម្រោងវិនិយោគលើ វិស័យឧស្សាហកម្ម មានអត្រាខ្ពស់ជាងគេរហូតដល់ ៦៩%៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងការងារ