ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
សមាគមម្រេច និងគ្រឿងទេសវៀតណាម បានឱ្យដឹងថា វៀតណាម សម្រេចនូវការនាំចេញ និងដឹកជញ្ជូនម្រេចជាង ១,៤ពាន់លានដុល្លារអាមេរិក ទៅទីផ្សារអន្តរជាតិ សម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។សមាគមម្រេច និងគ្រឿងទេសវៀតណាម បានបញ្ជាក់ថា ទោះបីមានការធ្លាក់ចុះនៃ បរិមាណនាំចេញបាន ៥% ក៏ដោយ ឧស្សាហកម្មម្រេចរបស់វៀតណាម បានកើនឡើង ៤៥% ក្នុងតម្លៃនៃការនាំចេញ ដែលឈានដល់ ១,៤ពាន់លានដុល្លារអាមេិរក។
នៅខែធ្នូ ឆ្នាំ ២០២៤ វៀតណាម បាននាំចេញម្រេចគ្រប់ប្រភេទប្រមាណ ១ម៉ឺន ៥ពាន់តោន ក្នុងនោះ រួមមាន ម្រេច ស ជាង ២ពាន់តោន ដែលរកចំណូលសរុបជាង ១០០លានដុល្លារ។តម្លៃនាំចេញជាមធ្យម មានចំនួន ៦ពាន់ ៥រយដុល្លារក្នុងមួយតោន សម្រាប់ម្រេចខ្មៅ ហើយ ៨ពាន់ ២រយដុល្លារក្នុងមួយតោន សម្រាប់ម្រេច ស។ដោយឡែក ក្នុងរយៈពេលមួយឆ្នាំពេញ ២០២៤កន្លងមកនេះ វៀតណាម បាននាំចេញម្រេចបាន ២៥ម៉ឺនតោន ក្នុងនោះមានម្រេចខ្មៅ ២២ម៉ឺនតោននិងម្រេច ស ចំនួន ៣ម៉ឺនតោន។
ចំណូលនាំចេញសរុប បានកើនឡើងដល់ជិត ១,៤ពាន់លានដុល្លារ ដោយម្រេចខ្មៅ មានចំណែក ១,១ពាន់លានដុល្លារអាមេរិក និងម្រេច ស មានតម្លៃសម្រេច ២០០លានដុល្លារ។ទោះបីជាមានការធ្លាក់ចុះនៃបរិមាណនាំចេញ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ក៏ដោយ ក៏ការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណូល ត្រូវបានគេសន្មតថា ជាតម្លៃនាំចេញខ្ពស់។
សូមជម្រាបថា សហរដ្ឋអាមេរិក បាននាំចូលម្រេចចំនួន ៧ម៉ឺនតោននៅឆ្នាំ ២០២៤ ដែលជាការកើនឡើង ៣៣% ហើយតួលេខនេះ ស្មើនឹង ២៨% នៃការនាំចេញសរុបរបស់វៀតណាម ខណៈទីផ្សារសំខាន់ៗផ្សេងទៀតរួមមាន អារ៉ាប់រួម អាឡឺម៉ង់ និងហូឡង់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ