ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ការនាំចេញត្រីប្រារបស់វៀតណាម រំពឹងនឹងសម្រេចបាន ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤នេះ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញត្រីប្រា នៅឆ្នាំនេះ ទំនងជានឹងឈានដល់តម្លៃ ២ពាន់លានដុល្លារអាមេរិក។
ជាក់ស្តែង ការនាំចេញនៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ មានចំនួនសរុប ១,៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១០% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់ ត្រីប្រារបស់វៀតណាម ដោយបានកើនឡើងលើសពី ៥០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ១១ខែ។
សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ជាទីផ្សារធំទី ២ មានចំនួនទឹកប្រាក់សរុបជាង ៣១៧លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៦%។ដោយឡែក សហភាពអឺរ៉ុប គឺជាទីផ្សារត្រីធំទី ៤ របស់វៀតណាម ដោយមានទំហំជាង ១៦០លានដុល្លារ កើនឡើង ៣%។
សូមជម្រាបថា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម អះអាងថា ការនាំចេញត្រីប្រារបស់វៀតណាម កំពុងដើរលើផ្លូវ ដើម្បីឈានដល់ការព្យាករណ៍គោលដៅ ២ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ដោយមានភាពទាក់ទាញ ការប្រកួតប្រជែង និងសក្តានុពលក្នុងទីផ្សារពិភពលោក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ