ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ឆ្នាំ២០២៥ ពោលចាប់ពីថ្ងៃទី០១ ខែមករានេះតទៅ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានឡើងរហូតដល់ ២០៨ដុល្លារក្នុងមួយខែ។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ដុល្លារ ក្នុង១ខែ ខណៈឆ្នាំ២០២៤ ទទួលបានត្រឹម ២០៤ដុល្លារប៉ុណ្ណោះ ក្នុង១ខែ។ ក្នុងនោះ រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់លើកម្មករនិយោជិត ដោយធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដដែលបានលើកឡើងថា សម្រាប់ប្រាក់ឈ្នួលថ្មីនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥ តទៅ នឹងទទួលបានចំនួន ២០៨ដុល្លារ កើន ៤ដុល្លារ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត ២ពាន់រៀលក្នុង១ថ្ងៃ ឬទទួលបានបាយ ១ពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារពីឆ្នាំទី២ ដល់ឆ្នាំទី១១ចន្លោះ ពី២ ទៅ១១ដុល្លារ ក្នុង១ខែ។ ដូចនេះ ជារួមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ដុល្លារ ទៅ៣០០ដុល្លារ ក្នុងមួយខែៗ បើធៀបទៅនឹងឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ធ្លាប់បានគូសបញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២៥ ដុល្លារ ដល់ ២៣៦ ដុល្លារ ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយបន្ទុកចំណាយនានា របស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ផងដែរ។
លើសពីនេះ កម្មករក៏នឹងទទួលបានការលើកលែងពន្ធក្នុងករណី ទទួលបានប្រាក់ឈ្នួលក្រោម ១លាន៥សែនរៀល ជិះរថយន្តក្រុងមិនគិតថ្លៃ ការតបណ្តាញទឹកភ្លើងតាមផ្ទះជួលមានតម្លៃថោក និងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស.ដូចជា ផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារនិយោជកជាអ្នកបង់ជំនួស១០០% សម្រាប់ភាគទាន ប.ស.ស.។
ទន្ទឹមនឹងនេះ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ដុល្លារ ក្នុង១ខែនេះ គឺជាលទ្ធផលបានមកពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ដោយបានគាំទ្រតួលេខ ២០៦ដុល្លារ ហើយរាជរដ្ឋាភិបាលបន្ថែម ២ដុល្លារបន្ថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលក្នុងឆ្នាំ ២០២៥ មានចំនួន ២០៨ដុល្លារ ក្នុងមួយខែ។
សូមជម្រាបថា កម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេស ដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដោយកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេស ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងការងារ