ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា។
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការចូលរួមទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។
ធនាគារជាតិ បានស្នើ៖ ១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជា មួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។
២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមក ធនាគារជាតិនៃកម្ពុជា។
៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។ជាចុងក្រោយ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ + ធនាគារជាតិនៃកម្ពុជា