ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

Netflix បដិសេធព័ត៌មាន “Squid Game 2” រកចំណូលបាន ១ពាន់លានដុល្លារ

០២ មករា ២០២៥ | កម្សាន្ដ

 

ក្រុមហ៊ុន Netflix បានបដិសេធសេចក្ដីរាយការណ៍ដែលអះអាងថារឿងភាគ "Squid Game" រដូវកាលទី ២ រកប្រាក់ចំណូលបាន ១ ពាន់លានដុល្លារ ទោះបីជារឿងនេះបន្តបំបែកកំណត់ត្រាការទស្សនាច្រើនលើសលប់ចាប់តាំងពីសប្តាហ៍ដំបូងក៏ដោយ។

 


កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន K EnterTech Hub ដែលជាស្ថាប័នស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េ បានព្យាករថាក្រុមហ៊ុន Netflix អាចរកបានយ៉ាងហោចណាស់ ១ ពាន់លានដុល្លារពីរឿងភាគ "Squid Game" រដូវកាលថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែធ្នូឆ្នាំមុន។

 


នៅក្នុងការវិភាគរបស់ខ្លួន K EnterTech Hub បាននិយាយថា រដូវកាលទី ១ ចំណាយប្រាក់ប្រហែល ១៧ លានដុល្លារដើម្បីផលិត និងបង្កើតប្រាក់ចំណូលប្រហែល ៦៨១ លានដុល្លារ ឬប្រហែល ៤០ ដងនៃថ្លៃដើមផលិតកម្ម។ សម្រាប់រដូវកាលទី ២ ជាមួយនឹងការចំណាយលើការផលិតប្រហែល ៦៨ លានដុល្លារអាមេរិក ដែលលើសរដូវកាលមុន ៤ ដង ការព្យាករបានបង្ហាញនូវប្រាក់ចំណូលយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ។

 


ជាការឆ្លើយតប ក្រុមហ៊ុន Streaming យក្សរបស់អាមេរិក Netflix បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១ ខែមករា ដោយពន្យល់ថាក្នុងនាមជាសេវាកម្មដែលរកចំណូលពីការបង់សមាជិកប្រចាំខែ ពួកគេមិនអាចគណនាប្រាក់ចំណូលដោយផ្អែកលើចំនួនទស្សនា ឬរយៈពេលទស្សនាតាមមាតិកាមួយៗនោះទេ។

 

 

ក្រុមហ៊ុន Netflix បន្ថែមថា វិធីសាស្ត្រប៉ាន់ស្មានខាងលើនេះគឺអាចប្រើបានសម្រាប់ការវិភាគចំណូលភាពយន្តដោយផ្អែកលើការលក់សំបុត្រកុន ឬសម្រាប់ App ដែលផ្ដល់សេវកម្មបង់ប្រាក់ម្ដងដើម្បីចូលទស្សនារឿងមួយប៉ុណ្ណោះ។

 


គួរបញ្ជាក់ថា ភាពយន្តភាគ "Squid Game" រដូវកាលទី ២ ទទួលបានចំណាត់ថ្នាក់កំពូលក្នុងប្រទេសចំនួន ៩៣ បន្ទាប់ពីចេញផ្សាយបាន ២ថ្ងៃ និងបានបង្កើតកំណត់ត្រាការចូលទស្សនាសរុបរហូតដល់ ៤៨០ លានម៉ោងក្នុងសប្តាហ៍ដំបូង ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025