ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

មនុស្សយ៉ាងតិច៤នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅប្រទេសម៉ុងតេណេក្រូ

ប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សយ៉ាងតិចបួននាក់រួមទាំងក្មេងពីរនាក់ផងដែរបន្ទាប់ពីមានការបាញ់ប្រហារមួយកាលពីថ្ងៃពុធនៅភោជនីយដ្ឋានមួយក្នុងរដ្ឋធានីប្រវត្តិសាស្ត្រសេទីនចេ (Cetinje) ប្រទេសម៉ុងតេណេក្រូ។

 

 

ទូរទស្សន៍វីចេស្ទី (Vijesti) បានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងនៅពេលមុនពេលមានការឈ្លោះប្រកែកគ្នានៅក្នុងភោជនីយដ្ឋាននេះបណ្ដាលឱ្យស្លាប់មនុស្សមួយចំនួននៅកន្លែងកើតហេតុ ហើយខ្មាន់កាំភ្លើងក៏បានចាកចេញពីភោជនីយដ្ឋានដោយបានបាញ់សម្លាប់ក្មេងពីរនាក់ទៀតនៅតាមផ្លូវផងដែរ។

 

 

អ្នកនាំពាក្យប៉ូលិសម្នាក់បានបញ្ជាក់ថា មនុស្សសរុបយ៉ាងតិច៤នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ ហើយបួននាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលខ្មាន់កាំភ្លើងមិនទាន់ចាប់ខ្លួនបាននៅឡើយ។ នាយករដ្ឋមន្ត្រីម៉ុងតេណេក្រូលោក មីឡូចកូ ស្ប៉ាជីក (Milojko Spajic) បានថ្លែងតាមទូរទស្សន៍ដោយបានហៅឧប្បត្តិហេតុនេះថាជា«សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច»មួយ ហើយលោកបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ។

 

 

ការបាញ់ប្រហារបែបនេះកម្រនឹងកើតឡើងខ្លាំងណាស់នៅប្រទេសម៉ុងតេណេក្រូព្រោះប្រទេសនេះមានការរឹតបន្តឹងច្បាប់កាំភ្លើងយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណា ប្រទេសស្ថិតនៅតំបន់បាកង់ខាងលិចមួយនេះនៅតែមានអាវុធខុសច្បាប់ជាច្រើនដែលបន្សល់ទុកពីសង្គ្រាមលោកលើកទីមួយនៅឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025