ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតុ (Naruhito) បានផ្ញើព្រះរាជសារទៅកាន់ជនរួមជាតិដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកល។ ព្រះអង្គសូមបួងសួងឲ្យពិភពលោកជួបប្រទះតែនឹងសេចក្ដីសុខតរៀងទៅ។ ទោះបីប្រឈមនឹងការលំបាកយ៉ាងណាក្ដី ព្រះអង្គសង្ឃឹមថាឆ្នាំ២០២៥នឹងក្លាយជាឆ្នាំសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់ទូទាំងពិភពលោក។
នៅក្នុងព្រះរាជសារនោះ ព្រះចៅអធិរាជជប៉ុនរំឭកទៅដល់ព្រឹត្តិការណ៍ដ៏អកុសលដែលបានកើតឡើងចំថ្ងៃចូលឆ្នាំសាកលកាលពីឆ្នាំមុនដោយសារការរញ្ជួយដី។ ព្រះអង្គសូមឲ្យអ្នកដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះជួបប្រទះតែនឹងសេចក្ដីសុខជានិច្ច។ ព្រះអង្គខ្វាយខ្វល់អំពីសុខទុក្ខរបស់ពួកគេដែលត្រូវរស់នៅប្រឈមនឹងបញ្ហាលំបាកជាច្រើនដើម្បីកែសម្រួលជីវិតរស់នៅរបស់ខ្លួនឡើងវិញ។
សូមរំឭកថាកាលពីពេលចូលឆ្នាំសាកលឆ្នាំ២០២៤ គម្រោងថ្លែងសុន្ទរកថារបស់ព្រះចៅអធិរាជជប៉ុនត្រូវលុបចោលវិញដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតកម្រិត៧,៦រ៉ិចទ័រដែលវាយប្រហារតំបន់ជ្រោយណូតុ (Noto) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
សម្រាប់ឆ្នាំនេះ ព្រះបរមរាជវាំងមិនតម្រូវឲ្យភ្ញៀវជាតិ និងអន្តរជាតិដាក់ពាក្យស្នើសុំទុកជាមុនទេក្នុងការធ្វើដំណើរចេញ-ចូលបរិវេណព្រះបរមរាជវាំង។ ដូចនេះ ព្រះបរមរាជវាំងបើកទ្វារស្វាគមន៍មនុស្សគ្រប់រូប។ ពោលគឺដូចពេលមុនផ្ទុះជំងឺខូវីដ១៩ផងដែរ។ ព្រះចៅអធិរាជជប៉ុនសព្វថ្ងៃនេះមានព្រះជន្ម៦៤វស្សា។
មានវត្តមាននៅក្បែរព្រះអង្គនៅក្នុងការមានបន្ទូលទៅកាន់ជនរួមជាតិនោះគឺអគ្គមហេសីរបស់ព្រះអង្គ និងអតីតអធិរាជជប៉ុន ព្រះចៅអាគីហ៊ីតុ (Akihito) ដែលបានដាក់រាជសម្បត្តិកាលពីឆ្នាំ២០១៩ រួមជាមួយព្រះជាយារបស់ព្រះអង្គ៕
ប្រែសម្រួល៖ អន សំអាង