ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥

ប្រទេសហូឡង់បានរកឃើញស្បែកជើងឈើដ៏កម្រមួយដែលមានអាយុ៥០០ឆ្នាំនៅក្នុងរណ្ដៅក្រោមដី

០៦ មករា ២០២៥ | កម្សាន្ដ

អ្នកបុរាណវិទ្យានៅប្រទេសហូឡង់បានរកឃើញស្បែកជើងឈើដ៏កម្រមួយដែលមានអាយុ៥០០ឆ្នាំនៅក្នុងរណ្ដៅក្រោមដីមួយ។ប្រទេសហូឡង់មានភាពល្បីល្បាញទូទាំងពិភពលោកចំពោះការផលិតស្បែកជើងឈើ ប៉ុន្តែការរកឃើញដ៏កម្រនូវស្បែកជើងឈើដែលមានអាយុកាល៥០០ឆ្នាំមកហើយនៅក្នុងទីក្រុងអល់ក្មារ(Alkmaar) នៅប្រទេសហូឡង់នេះគឺជាភស្តុតាងបង្ហាញអំពីការប្រើប្រាស់របស់ពួកគេកាន់តែច្បាស់ថែមទៀត។

 


បុរាណវិទូលោកស្រី ស៊ីលឃើ ឡង់ងើ (Silke Lange) បានប្រាប់រ៉យទ័រថា ស្បែកជើងឈើនេះត្រូវបានរកឃើញនៅក្នុងអណ្តូងទឹកមួយនៅក្នុងទីក្រុងមួយ។ ដូច្នេះនេះវាពិតជាពិសេសណាស់ព្រោះគេតែងតែគិតថា ស្បែកជើងឈើនេះគឺកសិករជាអ្នកប្រើវាដើម្បីធ្វើការនៅក្នុងអំឡុងសម័យកាលនោះ ប៉ុន្តែការណ៍ពិត តាមរយៈរបកគំហើញនេះវាបានបង្ហាញថា គេក៏ប្រើវាប្រចាំថ្ងៃនៅក្នុងទីក្រុងផងដែរ។ 

 


ស្បែកជើងឈើនេះត្រូវបានប្រទះឃើញនៅក្នុងរណ្ដៅមួយដែលគេបានរកឃើញកាលពីខែមុននៅក្នុងពេលកំពុងសាងសង់កន្លែងចោលសំរាមនៅក្រោមដីនៅទីក្រុងអល់ក្មារចម្ងាយប្រហែល៣០គីឡូម៉ែត្រនៅភាគពាយព្យនៃទីក្រុងរាជធានីអេមស្ទើដាម (Amsterdam) ប្រទេសហូឡង់។

 


អ្នកបុរាណវិទ្យាលោកស្រី ឡង់ងើ បាននិយាយថា រណ្ដៅនេះត្រូវបានគេប្រើធ្វើជាបង្គន់ និងសម្រាប់ចោលកាកសំណល់នៅចន្លោះឆ្នាំ១៤៥០ ដល់ឆ្នាំ១៥៥៨ ហើយស្បែកជើងឈើដែលមានទំហំខ្នាតអឺរ៉ុបលេខ៣៦នេះត្រូវបានគេប៉ាន់ប្រមាណថាបានផលិតឡើងនៅចុងសតវត្សទី១៥ ឬដើមសតវត្សទី១៦។

 


វាគឺជាស្បែកជើងឈើដំបូងគេបង្អស់មិនធ្លាប់មាននៅក្នុងប្រទេសហូឡង់ដែលធ្វើពីឈើប៊ើច (birch) ហើយក៏ជាស្បែកជើងឈើមួយក្នុងចំណោមស្បែកជើងឈើចំនួន៤៤ប៉ុណ្ណោះដែលគេបានជីកកាយរកឃើញនៅក្រោមដីនៅប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិកផងដែរ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025