ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
សមាជិកក្រុមចម្រៀង NewJeans ទាំងប្រាំនាក់បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រគំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៥ បន្ទាប់ពីពួកគេបានប្រកាសចាកចេញពី ADOR និងបានបញ្ចប់កិច្ចសន្យាទាំងអស់កាលពីចុងខែវិច្ឆិកា។
បន្ទាប់ពីប្រកាសចាកចេញនិងបញ្ចប់កិច្ចសន្យាពីទីភ្នាក់ងារចាស់ ក្រុមនារី NewJeans ក៏បានបង្កើតគណនីបណ្ដាញសង្គមថ្មីដើម្បីអាប់ឌែតព័ត៌មាន និងរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រ។
កាលពីពេលថ្មីៗកន្លងទៅដែរ NewJeans បានបង្ហាញខ្លួននៅក្នុងកម្មវិធី News Show របស់វិទ្យុ CBS និងនិយាយអំពីរឿងផ្សេងៗដែលបានកើតឡើងកាលពីឆ្នាំមុន រួមទាំងការបំផុសគំនិតនានាសម្រាប់ការងារនាពេលអនាគត។
សម្រាប់ការបង្ហាញខ្លួនលើកនេះ ពួកគេបានជៀសវាងការប្រើឈ្មោះ NewJeans ហើយបង្ហាញខ្លួនក្នុងកម្មវិធីជា Minji, Hanni, Danielle, Haerin (ហេរីន) និង Hyein (ហេអ៊ីន) ជំនួសវិញ។
ក្នុងកម្មវិធីនោះដែរ សមាជិក Hanni បាននិយាយអំពីក្តីសង្ឃឹមថានឹងបានសម្ដែងលើឆាកធំមួយនៅកូរ៉េខាងត្បូងសម្រាប់ឆ្នាំ ២០២៥។ 'ឆាកធំ' នេះនាងមិនមែនគ្រាន់តែសំដៅថាមានទស្សនិកជនច្រើននោះទេ ប៉ុន្តែនាងចង់និយាយអំពីការសម្តែងមួយដែលពួកគេអាចបង្ហាញអ្វីគ្រប់យ៉ាងដែលខ្លួនមាន ដូចជាកាលពួកគេបានសម្ដែងនៅ Tokyo Dome ឆ្នាំ២០២៤។
នាងបន្តថា៖ “ពួកយើងមិនទាន់មានគម្រោងអ្វីនៅឡើយទេ ប៉ុន្តែគ្រាន់តែស្រមៃទៅលើឆាកបែបនោះធ្វើឱ្យខ្ញុំរំភើបហើយ។ ខ្ញុំសង្ឃឹមថាពួកយើងអាចជួបជុំគ្នាជាមួយ Bunnies អ្នកគាំទ្ររបស់យើង ហើយធ្វើឱ្យវាកើតឡើងក្នុងពេលឆាប់ៗ”៕
ប្រែសម្រួល៖ វ៉ាន់ថន