ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

ភាពយន្តរកចំណូលបានច្រើនបំផុតនិងភាពយន្តខាតទុនខ្លាំងបំផុតប្រចាំឆ្នាំ២០២៤

០១ មករា ២០២៥ | កម្សាន្ដ

 


សរុបព័ត៌មានពាក់ព័ន្ធភាពយន្តហូលីវូដនៅឆ្នាំ២០២៤ ដោយចាប់ផ្ដើមពីភាពយន្តលេចធ្លោជាងគេក្នុងរដូវកាលប្រគល់ពានរង្វាន់កាលពីដើមឆ្នាំ គឺគ្មានរឿងណាវ៉ាដាច់ “Oppenheimer” (អូផេនហាយមើ) នោះឡើយ។ ក្រៅពីពានរង្វាន់សម្រាប់អ្នកដឹកនាំរឿង Christopher Nolan ភាពយន្តដែលនិយាយពីប្រវត្តិនៃការផលិតគ្រាប់បែកបរមាណូមួយនេះបាននាំយកពានរង្វាន់សម្រាប់តារាសម្ដែងប្រុស Cillian Murphy និង Robert Downey Junior ផងដែរ ពីកម្មវិធីពានរង្វាន់ផ្សេងៗរួមមាន Golden Globes, BAFTAs, SAG និងជាពិសេសបានទទួលពានរង្វាន់ចំនួន ៧ ពីកម្មវិធី Oscar។

 


និយាយពីភាពយន្តដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៤នេះវិញ ចំណាត់ថ្នាក់លេខ១ គឺភាពយន្តគំនូរជីវចល “Inside Out 2” ដែលអាចរកបានខ្ទង់ ១៧០០ លានដុល្លារជុំវិញពិភពលោក។ ចំណូលនេះបានធ្វើឱ្យភាពយន្តដែលចេញវគ្គដំបូងកាលពីឆ្នាំ២០១៥  មួយនេះអាចវ៉ាដាច់ភាពយន្ត “Frozen 2” ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី៨ ក្នុងប្រវត្តិសាស្ត្រ។

 


ចំណែកភាពយន្តចំណូលខ្ពស់លំដាប់ទី ២ក្នុងឆ្នាំ២០២៤នេះគឺភាពយន្ត Superhero កំប្លែង "Deadpool & Wolverine" ដែលអាចរកចំណូលបាន ១៣៣០ លានដុល្លារទូទាំងពិភពលោក ស្របពេលចំណាត់ថ្នាក់លេខ៣ បានលើភាពយន្តតុក្កតា Minion “Despicable Me” វគ្គ ៤ ដែលអាចរកចំណូលជុំវិញពិភពលោកបាន ៩៦៩ លានដុល្លារ។

 


ចំណាត់ថ្នាក់កំពូលទី៤ គឺភាពយន្តគំនូរជីវចលដំណើរផ្សងព្រេង “Moana” វគ្គ២ ដែលទើបតែចេញបញ្ចាំងនៅចុងឆ្នាំ ប៉ុន្តែអាចរកចំណូលបានដល់ ៨៨២ លានដុល្លារ ស្របពេលភាពយន្តវិទ្យាសាស្ត្រ “Dune: Part 2” ដែលសម្ដែងដោយ Timothee Chalamet ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ជាមួយចំណូលសរុប ៧១៤ លានដុល្លារ។ បិទបញ្ចប់ជាមួយចំណាត់ថ្នាក់លេខ៦ គឺភាពយន្ត “Godzilla x Kong: The New Empire”  ដែលអាចរកចំណូលសរុប ៥៧១ លានដុល្លារ។

 


ត្បិតតែភាពយន្តរកចំណូលបានច្រើនៗខាងលើនេះសុទ្ធតែជាវគ្គបន្តនៃសែស្រលាយភាពយន្តល្បីៗ ប៉ុន្តែក៏មិនប្រាកដថាភាពយន្តបែបវគ្គបន្តទាំងអស់សុទ្ធតែជោគជ័យនោះដែរ។ ជាក់ស្ដែងភាពយន្ត “Joker” ដែលទទួលបានជោគជ័យកប់ពពកកាលពីឆ្នាំ២០១៩ បានចេញវគ្គ២នៅឆ្នាំនេះមានចំណងជើងថា "Joker: Folie a Deux" (ហ្វូលី អាដឺ) ដោយបន្ថែមតារាចម្រៀង Lady Gaga ជាតួអង្គសំខាន់ម្នាក់ទៀត ប៉ុន្តែអាចរកចំណូលសរុបបានត្រឹមតែ ២០៦ លានដុល្លារប៉ុណ្ណោះ ខណៈដើមទុនផលិតត្រូវបានរាយការណ៍ថាមានការចំណាយរហូតដល់ ៣០០ លានដុល្លារ។

 


ភាពយន្តខាតទុនធ្ងន់ធ្ងរមួយរឿងទៀតក្នុងឆ្នាំនេះគឺភាពយន្តវិទ្យាសាស្ត្រ “Coppola” សម្ដែងដោយតារាប្រុស Adam Driver ដែលចំណាយដើទុនផលិតអស់ ១២០ លានដុល្លារ ប៉ុន្តែអាចរកចំណូលត្រលប់មកវិញត្រឹម ១៣,៧ លានដុល្លារប៉ុណ្ណោះពីទូទាំងពិភពលោក។មួយទៀតគឺភាពយន្តមនុស្សពីងពាងស្រី "Madame Web" ដែលសម្ដែងដោយ Dakota Johnson អាចរកចំណូលបាន ១០០ លានដុល្លារជុំវិញពិភពលោក បន្ទាប់ពីចំណាយដើមទុនផលិតប្រមាណ ១០០ លានដុល្លារដូចគ្នា ដែលមិនចាត់ទុកថារួចដើមនោះឡើយបើដកថ្លៃភាគរយជាមួយរោងកុននិងការធ្វើទីផ្សារ។

 


ភាពយន្តខាតទុនមហាសាលមួយទៀតប្រចាំឆ្នាំនេះគឺភាពយន្តភ្នាក់ងារសម្ងាត់បែបកំប្លែង “Argylle” (អាហ្កាល) ដែលបានចាយទុនផលិតអស់ ២០០ លានដុល្លារ ប៉ុន្តែអាចរកចំណូលពីការបញ្ចាំងទូទាំងពិភពលោកត្រឹមតែ ៩៦ លានដុល្លារប៉ុណ្ណោះ។ចុងក្រោយនេះគឺភាពយន្ត "Furiosa: A Mad Max Saga" ជាវគ្គថ្មីពីសែស្រឡាយភាពយន្ត “Mad Max Saga” ប៉ុន្តែផ្ដោតលើរឿងរ៉ាវរបស់តួស្រី Furiosa (ហ្វ្យូរីអូសា)។ ចំណាយដើមទុនផលិតអស់ ១៦៨ លានដុល្លារ ភាពយន្តនេះអាចរកចំណូលពីការបញ្ចាំងមកវិញបាន ១៧៣ លានដុល្លារ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025