ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
រូបចម្លាក់បុរាណធ្វើពីដីឥដ្ឋដ៏កម្រមួយត្រូវបានជីករកឃើញនៅក្នុងរណ្តៅមួយនៅជិតផ្នូរអធិរាជ ឈីន ស៊ីហ័ង (Qin Shi Huang) នៅក្នុងទីក្រុងស៊ីអាន (Xi'an) ខេត្តសានស៊ី (Shaanxi) នៅភាគពាយ័ព្យប្រទេសចិន។
រូបចម្លាក់បុរាណដ៏កម្រមួយត្រូវបានគេជីករកឃើញនៅក្នុងរណ្ដៅមួយជិតផ្នូរអធិរាជស្ដេច ឈីន ស៊ីហ័ង (Qin Shi Huang) នៃរាជវង្សឈីនដែលបានគ្រប់គ្រងនគរឈីង (ប្រហែលជាប្រទេសចិននៅសម័យនោះ) នៅក្នុងអំឡុងឆ្នាំ២២១ ដល់ឆ្នាំ២០៧មុនគ្រឹស្ដសករាជ ជាពេលដែលមានការបង្រួបបង្រួមប្រទេសចិនជាលើកដំបូង។
រូបចម្លាក់បុរាណដ៏កម្រនេះត្រូវបានគេហៅថា«អ្នកចម្បាំងដីឥដ្ឋ (Terracotta Warrior)»ព្រោះរូបចម្លាក់នេះមានរូបរាងជាមន្ត្រីយោធាពាក់អាវក្រោះបែបបុរាណដើម្បីការពារគ្រឿងសាស្ត្រាអាវុធផ្សេងៗ ដែលមើលទៅហាក់ដូចជាមេទ័ពប្រយុទ្ធដ៏អង់អាចម្នាក់នៅក្នុងអំឡុងសម័យកាលដ៏យូរលង់នោះអីចឹង។
រូបចម្លាក់អ្នកចម្បាំងដីឥដ្ឋដែលគេទើបបានជីករកឃើញថ្មីៗនេះត្រូវបានគេរកឃើញតួខ្លួននៃរូបចម្លាក់នេះមានសភាពដាច់ចេញពីគ្នាជាបំណែកៗជាច្រើន ប៉ុន្តែពណ៌សម្បុររបស់រូបចម្លាក់ដ៏កម្រនេះនៅតែមានសភាពស្រស់ស្អាតនៅឡើយដោយសារមានរបាំងការពារពីដីល្បាប់។
លោក ហ្ស៊ូ ស៊ីហុង (Zhu Sihong) អ្នកគ្រប់គ្រងគម្រោងបុរាណវិទ្យាសម្រាប់រណ្តៅលេខ២នៃអ្នកចម្បាំងដីឥដ្ឋបាននិយាយថា ដីល្បាប់មានអត្ថប្រយោជន៍ក្នុងការផ្តល់សំណើម និងសីតុណ្ហភាពមានស្ថិរភាពក្នុងលក្ខខណ្ឌមួយចំនួនដែលអំណោយផលការពារមិនឱ្យហើរពណ៌។
សូមរំលឹកថា កាលពីឆ្នាំ១៩៧៤ ពលរដ្ឋចិនបានប្រទះឃើញបំណែកដីឥដ្ឋនៅពេលពួកគេជីកអណ្ដូងទឹកដែលបើកផ្លូវអ្នកស្រាវជ្រាវឈានដល់ការរកឃើញរូបចម្លាក់អ្នកចម្បាំងរាប់ពាន់ចម្លាក់នៅទីនោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន