ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

អ្នកប្រមូលផលនេសាទថា នៅថ្ងៃ៧-៨កើត អាចនេសាទបានត្រីច្រើន សម្រាប់ធ្វើប្រហុកផ្អក

០៣ មករា ២០២៥ | ព័ត៌មានជាតិ


រដ្ឋបាលជលផល ប្រកាសពីការធ្វើនេសាទបានត្រីច្រើន សម្រាប់ធ្វើប្រហុកផ្អក ចាប់បីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ។ ប៉ុន្តែប្រជានេសាទ លើកឡើងថា អាចដល់ថ្ងៃ៧-៨កើត ត្រូវនឹងថ្ងៃអាទិត្យ-ចន្ទ ទី៥-៦ ខែមករានេះ ទើបនេសាទបានត្រីច្រើន សម្រាប់ធ្វើប្រហុកផ្អក។

 


រដ្ឋបាលជលផល បានចេញសេចក្តីជូនដំណឹងបន្ថែមដល់សាធារណជន ចុះថ្ងៃទី២ ខែមករានេះថា ក្នុងរដូវនេសាទ ឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើត ខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាបស ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

 


រដ្ឋបាលជលផល បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងនេសាទត្រី ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករានេះ។

 

 

ទន្ទឹមនឹងនេះ រដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ។

 


យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២ ខែមករានេះ ស្ត្រីអ្នកប្រមូលផលនេសាទ នៅច្រាំងចម្រេះ គីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ PNN ថា នៅថ្ងៃទី២មករានេះ មិនទាន់មានអ្នកនេសាទចាប់ត្រី និងអ្នកទិញត្រីទេ គឺអាចដល់ថ្ងៃ៧ ឬថ្ងៃ៨កើត ដែលត្រូវនឹងថ្ងៃអាទិត្យ-ថ្ងៃចន្ទប៉ុន្មានថ្ងៃខាងមុខនេះ ទើបត្រីត្រូវខ្លាំង ដែលអាចមានបងប្អូនប្រជាពលរដ្ឋ មកទិញត្រី ធ្វើប្រហុកផ្អក។

 


សូមរម្លឹកថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ នេះ រដ្ឋបាលជលផល បានប្រកាសពីការធ្វើនេសាទបានត្រីច្រើន សម្រាប់ធ្វើប្រហុកផ្អក ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ កាលណោះ ប្រជានេសាទ និងមន្រ្តីរដ្ឋបាលជលផល បានអះអាងថា ការប្រមូលផលត្រី នៅឆ្នាំនេះ មានការកើនឡើងខ្លាំង៕


 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025