ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
គ្រោងឆ្អឹងសត្វដាយណូស័រចំនួន៣បន្សល់ទុកពីសម័យកាលមុនប្រវត្តិសាស្ត្រជូរ៉ាស៊ិក (Jurassic) ត្រូវបានលក់ដេញថ្លៃនៅក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេសក្នុងតម្លៃសរុប១២.៤លានផោនប្រហែលជាង១៥.៧លានដុល្លារកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
ឆ្អឹងហ្វូស៊ីលដាយណូស័រចំនួន៣នៅសម័យកាលមុនប្រវត្តិសាស្ត្រដែលមានអាយុកាលប្រហែល១៥០លានឆ្នាំមុនត្រូវបានគេរកឃើញនៅកន្លែងតែមួយនៅក្នុងស្រុកខាបន (Carbon) នៅក្នុងរដ្ឋវ៉ាយអូមីង (Wyoming) សហរដ្ឋអាម៉េរិក ប៉ុន្តែគេមិនបានបញ្ជាក់ពីពេលវេលានៃរបកគំហើញនេះទេ។
ក្នុងចំណោមគ្រោងឆ្អឹងដាយណូស័រទាំងបីនេះ មានគ្រោងឆ្អឹងចំនួន២គឺជាប្រភេទដាយណូស័រដូចគ្នាដែលគេហៅថាដាយណូស័រអាឡូសូរឹស (Allosaurus) ហើយដាយណូស័រមួយទៀតត្រូវបានគេហៅថាដាយណូស័រស្តេហ្គោសូរឹស (Stegosaurus)។
ក្រោយពីគេបានរកឃើញគ្រោងឆ្អឹងសត្វដែលផុតពូជទាំងនេះហើយ គេក៏បានបញ្ជូនឆ្អឹងហ្វូស៊ីលទាំងនេះទៅកាន់ទីក្រុងឡុងដ៍ដើម្បីផ្គុំចេញជារូបរាងតាមលំអានរបស់ពួកវា ហើយកាលពីប៉ុន្មានសប្ដាហ៍មុននេះ គ្រោងឆ្អឹងដាយណូស័រទាំងនេះត្រូវបានលក់ដេញថ្លៃក្រោមការរៀបចំរបស់ហាងគ្រីស្ទី (Christie’s) ក្នុងតម្លៃសរុប១២.៤លានផោនរបស់អង់គ្លេសដែលស្មើនឹងប្រហែលជាង១៥.៧លានដុល្លារ។
ហាងគ្រីស្ទីបានបញ្ជាក់ថា គ្រោងឆ្អឹងដាយណូស័រអាឡូសូរឹសទាំងពីរត្រូវបានលក់ដេញថ្លៃក្នុងតម្លៃសរុបចំនួន១០.៣លានដុល្លារ ហើយឆ្អឹងដាយណូស័រស្តេហ្គោសូរឹសត្រូវបានលក់បានក្នុងតម្លៃ៥.៤លានដុល្លារ។ លោក ចេម ហ៊ីស្លូប (James Hyslop) នាយកផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តធម្មជាតិនៅហាង Christie's បាននិយាយថា វាពិតជាអស្ចារ្យដែលបានឃើញវត្តមាននៃគ្រោងឆ្អឹងដាយណូស័រ ទាំងនេះដែលវាបានឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យនៃអតីតកាលភពផែនដីរបស់មនុស្សជាតិផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន