ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

បុរសជនជាតិចិនអាយុ៧១ឆ្នាំម្នាក់បំបែកកំណត់ត្រាថ្នាក់ជាតិសម្រាប់ការប្រកួតរត់ប្រណាំង១០០ម៉ែត្រ

៣០ ធ្នូ ២០២៤ | កម្សាន្ដ

អត្តពលិកជនជាតិចិនអាយុ៧១ឆ្នាំម្នាក់បានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេសក្រោយពីគាត់បានបំបែកកំណត់ត្រាថ្នាក់ជាតិសម្រាប់ការរត់ប្រណាំងចម្ងាយ១០០ម៉ែត្រនៅក្នុងក្រុមអាយុដូចគ្នាដែលបានបង្ហាញថា អាយុមិនមែនជាឧបសគ្គដល់ការសម្រេចជោគជ័យអ្វីឡើយ។

 


អត្តពលិកឈ្មោះ ជីន ហួយ (Jin Hui) អាយុ៧១ឆ្នាំបានបំបែកកំណត់ត្រាថ្នាក់ជាតិដ៏អស្ចារ្យមួយបន្ទាប់ពីគាត់បានរត់ប្រណាំងយ៉ាងលឿនឈ្នះគូប្រកួតស្រករគ្នាពីរបីនាក់ទៀតនៅក្នុងវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រដោយប្រើថិរវេលាជិត១៤វិនាទីនៅឯព្រឹត្តិការណ៍ប្រកួតជើងឯកអត្តពលិកចិន (China Masters Championships) ឆ្នាំ២០២៤នៅទីក្រុងឈីងតៅនៅភាគខាងកើតប្រទេសចិនកាលពីចុងខែតុលា។

 


គ្រូបង្វឹកម្នាក់ឈ្មោះ ហ្សាង ហ្សុងលាំង (Zhang Zhongliang) បានចាត់ទុកការបំបែកកំណត់ត្រារបស់លោក ជីន ហួយ នេះថាបានមកពីការគោរពតាមវិន័យដិតដល់ ភាពខ្នះខ្នែងក្នុងការហ្វឹកហាត់ និងស្មារតីតស៊ូមុះមត់ផងដែរ។

 

 

គ្រូបង្វឹករូបនេះបាននិយាយថា បើគិតតាមវ័យរបស់លោក ជីន វាបានឆ្លុះបញ្ចាំងឱ្យឃើញថា ការប្រើថិរវេលាត្រឹមជិត១៤វិនាទីរត់ដល់គោលដៅចម្ងាយ១០០ម៉ែត្រនេះគឺពិតជាអ្វីមួយដែលយុវជនជាច្រើនស្ទើរតែមិនជឿទាល់តែសោះព្រោះវាលឿនពេក។

 


ព្រឹត្តិការណ៍ជើងឯកអត្តពលិកនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយរៀបចំឡើងដោយសមាគមអត្តពលិកចិនដើម្បីបង្ហាញពីការគិតគូរដល់អត្តពលិកអាជីពដែលចូលនិវត្តន៍ចាប់ពី៣៥ឆ្នាំឡើងទៅ។ ការប្រកួតនេះមានក្រុមអាយុចំនួន១០ចាប់ពីក្រុមអាយុ៣៥ឆ្នាំ រហូតដល់ក្រុមអាយុ៨៤ឆ្នាំដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍កម្រិតខ្ពស់បំផុតសម្រាប់អត្តពលិកវ័យចាស់នៅក្នុងប្រទេសនេះ។

 


លោក ជីន បាននិយាយថា នៅក្នុងការរត់ប្រណាំងនេះ គាត់បានចូលរួមក្នុងព្រឹត្តិការណ៍ចំនួន៥ និងឈ្នះមេដាយមាសក្នុងការប្រកួតទាំងអស់។ គាត់រីករាយចំពោះខ្លួនឯងយ៉ាងខ្លាំង។ ការបំបែកកំណត់ត្រានេះគឺជាពេលវេលាដ៏រីករាយបំផុតក្នុងជីវិតរបស់គាត់៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025