ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

ដើមឈើនៅតាមទីក្រុងប្រទេសចិនរុំត្រូវគេរុំក្រណាត់ជុំវិញដើម្បីជានិមិត្តរូបនៃការធ្វើឲ្យបាត់រងា

៣០ ធ្នូ ២០២៤ | កម្សាន្ដ

 

នៅពេលរដូវរងាចូលមកដល់ គេឃើញថារុក្ខជាតិតាមទីក្រុងតូចធំនៃប្រទេសចិនត្រូវគេយកក្រណាត់ទៅរុំជុំវិញដើម្បីជានិមិត្តរូបនៃការធ្វើឲ្យបាត់រងា។ ហេតុនេះវាបង្កើតបានជាទស្សនីយភាពប្លែក និងជាការបង្កើតបរិយាកាសលើកសម្រស់ប្រទេសចិននៅរដូវរងា។

 


សាច់ក្រណាត់ដែលគេហ៊ុមព័ទ្ធដើមឈើនៅទីក្រុងប៉េកាំងនោះបានប្រែក្លាយទិដ្ឋភាពនៅតាមដងផ្លូវទៅជាភាពគំនិតច្នៃប្រឌិតបែប។ ទស្សនីយភាពដ៏ល្អឯកនេះជាការរួមបញ្ចូលគ្នារវាងសោភ័ណភាព និងទិដ្ឋភាពវប្បធម៌នៃទីក្រុងបុរាណមួយនេះផងដែរ។ អ្នកដំណើរខ្លះប្រាប់ថានេះជាគំនិតច្នៃប្រឌិតដែលពោរពេញដោយភាពទាក់ទាញ។ ពួកគេមានអារម្មណ៍រំភើបនឹងទិដ្ឋភាពបែបនេះ។

 

 

អ្នកខ្លះប្រាប់ថាខ្លួនមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចដែរនៅពេលគេយកសាច់ក្រណាត់ចាក់ដោយដៃទម្រាំបានមួយផ្ទាំងៗយកមករុំព័ទ្ធជុំដើមឈើ។ ក្រៅពីសាច់ក្រណាត់ដែលមានពណ៌ស្អាតៗ សាច់ក្រណាត់ខ្លះត្រូវគេដេរភ្ជាប់បន្ថែមនូវដៃ, កន្ទុយ និងគ្រឿងតុបតែងលម្អដូចជាស្រោមដៃជាដើម។ ហេតុនេះវាទាក់ទាញភ្នែករបស់អ្នកដំណើរ។

 

 

អ្នកខ្លះឆ្លៀតថតរូបថែមទៀតផង។ សាស្ត្រាចារ្យសាកលវិទ្យាល័យប៉េកាំងប្រាប់ថាដោយសាររដូវរងានៅភាគខាងជើង មានខ្យល់ស្ងួតបក់មក និងមានសីតុណ្ហភាពចុះត្រជាក់ ដូច្នេះ ធ្វើឲ្យដើមឈើងាយនឹងមានរបួសដោយសារការចុះត្រជាក់ខ្លាំង។

 

 

ការយកក្រណាត់ទៅស្រោបពីខាងក្រៅសម្បកឈើនោះមិនទាស់ខុសអ្វីទេ ហើយស្របទៅតាមក្បួនរុក្ខវិទ្យា។ នៅពីក្រោយការរុំក្រណាត់នេះជាគំនិតដ៏អស្ចារ្យ និងពោរពេញដោយភាពច្នៃប្រឌិត។

 

 

ដើមឈើនៅបរិវេណសាកលវិទ្យាល័យប៉េកាំងក៏រុំព័ទ្ធដោយសាច់ក្រណាត់បំបាត់ភាពត្រជាក់ផងដែរដោយសារបានការជួយជ្រោមជ្រែងពីបុគ្គលិកចូលនិវត្តដែលចាក់ក្រណាត់ដោយផ្ទាល់ដៃ៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025