ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ថ្មីៗនេះ ក្រុមអ្នកបុរាណវិទ្យានៅប្រទេសចិន និងអ៊ូបេគីស្ថាន (Uzbekistan) គាស់កកាយឃើញសម្បត្តិបេតិភ័ណ្ឌវប្បធម៌មួយចំនួនដែលបន្សល់ទុកតាំងពីសម័យរាជវង្សហាន និងដែលធ្វើពីលង្ហិន។
ការរកឃើញខ្មៅដៃគូសចិញ្ចើមនៅប្រទេសអ៊ូបេគីស្ថានជាការបង្ហាញអាថ៌កំបាំងថ្មី១ទៀតអំពីការស្វែងយល់វប្បធម៌គ្នារវាងបូព៌ាប្រទេស និងបស្ចិមប្រទេសនៅតាមបណ្ដោយផ្លូវសូត្រសម័យបុរាណ (Silk Road)។ មានទីតាំងស្ថិតនៅត្រើយខាងជើងទន្លេសៀដារីយ៉ា (Syr Darya) និងអាងទឹកហ្វឺហ្កាណា (Fergana) ស្ថានីយបុរេប្រវត្តិម៉េងចាក់ទេប៉ា (Mengchaktapa) ត្រូវគេចាត់ទុកជាសាក្សីរស់នៃផ្លូវសូត្រព្រោះជាទីតាំងភូមសាស្ត្រសំខាន់នៅតាមផ្លូវសូត្រ។
លោកលឺតាវ (Liu Tao) ជាអ្នកបុរាណវិទ្យាមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងប្រធានក្រុមកំណាយបុរេប្រវត្តិ។ លោកថ្លែងថាក្រុមការងារជីកឃើញផ្នូរបុរាណចំនួន៧ និងអគារចំនួន២។ ពួកគេក៏រកឃើញផងដែរនូវវត្ថុបុរាណ រួមទាំងក្រណាត់សូត្រ, ផលិតផលធ្វើអំពីស្បែកសត្វ, កញ្ចក់ឆ្លុះមុខធ្វើអំពីលង្ហិន, ប្រាក់កាក់រាងបួនជ្រុង និងអង្កាំ។ កញ្ចក់ឆ្លុះមុខនោះបន្សល់ទុកតាំងពីសម័យរាជវង្សហានចន្លោះពី៤២០ឆ្នាំទៅ៥៨៩ឆ្នាំមុនគ្រិស្តសករាជ។
បើប្រៀបធៀបជាមួយកញ្ចក់ឆ្លុះមុខធ្វើអំពីលង្ហិនដែលជីកកកាយដោយសារមន្ទីររបស់ប្រទេសចិន របស់ទាំងនេះមានរាងមូល និងមានទម្ពក់នៅផ្នែកកណ្ដាល។ ចំណុចខុសគ្នានៅត្រង់ថាកញ្ចក់ដែលជីកបានពីស្ថានីយម៉េងចាក់ទេប៉ាគ្មានក្បាច់រចនានៅលើកញ្ចក់ទេ។ កញ្ចក់លង្ហិន រួមជាមួយខ្មៅដៃគូសចិញ្ចើម និងអង្កាំត្រូវគេតម្រៀបជុំគ្នានៅក្បែរដៃរបស់សពដែលកប់នៅក្នុងផ្នូរបុរាណ៕