ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ឆ្នាំ ២០២៤ កម្ពុជា សម្រេចទំហំពាណិជ្ជកម្មអន្តរជាតិជាង ៥៤ពាន់លានដុល្លារ

១៤ មករា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 

 

 

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៣ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ២២ពាន់លានដុល្លារអាមេរិក។

 


ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក។

 


ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។

 


ក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់ ៧រយលានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅជាង ១៣ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ១១ពាន់លានដុល្លារអាមេរិក។

 


ទីផ្សារសំខាន់មួយទៀតគឺ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជិត ១០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% ធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា អំឡុងពេលនេះ ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ២៦៤លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៩ពាន់ ៦រយលានដុល្លារអាមេរិក។


រីឯ វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៧,៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ៣ពាន់ ៦រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ៤ពាន់លានដុល្លារអាមេរិក។


សម្រាប់មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។


សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025