ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ក្រុមហ៊ុនចិនមួយ បានបង្ហាញពីបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើការផលិតសំបកកង់រថយន្ត ជាមួយទំហំវិនិយោគប្រមាណ ៥០០លានដុល្លារ ដែលអាចបង្កើតឱកាសការងារយ៉ាងច្រើនកន្លែង សម្រាប់ប្រជាជនកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគផលិតសំបកកង់រថយន្តមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដែលនឹងចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបើកការដ្ឋានសាងសង់នាពេលនេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីក្នុងដំណើរបេសកកម្មគោះទ្វាររបស់ ឯកឧត្តមទៅដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ៉ាន់លី ថាយអី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា រហូតដល់ប្រមាណ ៥០០លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ និងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ពាន់កន្លែង។
ទន្ទឹមនឹងនេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩ម៉ឺន៨ពាន់កន្លែង។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះ គឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ