ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកល ៣,២% ក្នុងឆ្នាំ ២០២៥

១៤ មករា ២០២៥ | សេដ្ឋកិច្ច

 

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានរក្សាការព្យាករ កំណើនសេដ្ឋកិច្ចសកល នៅឆ្នាំ ២០២៥ ត្រឹម ៣,២% ស្ថិតក្នុងកម្រិតមួយថេរ ធៀបនឹងការព្យាករកាលពីខែមេសា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៥ ប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង ដោយសារតែការតម្រង់ទិសនៃគោលនយោបាយសេដ្ឋកិច្ចប្រទេសជាច្រើន ជាពិសេសទិសដៅនៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

 


ប្រធាន IMF ក៏បានចង្អុលបង្ហាញថា ប្រាក់ដុល្លារអាមេរិកដ៏រឹងមាំ ទាំងធៀបនឹងរូបិយប័ណ្ណសេដ្ឋកិច្ចជឿនលឿន និងធៀបនឹងរូបិយប័ណ្ណទីផ្សារដែលកំពុងរីកចម្រើន អាចជំរុញឱ្យមាន ការចំណាយថ្លៃដើមខ្ពស់ សម្រាប់សេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន ជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។

 


ប្រធាន IMF បន្តថា សេដ្ឋកិច្ចអាមេរិកកំពុងដំណើរការ «ប្រសើរជាងការរំពឹងទុក» ទោះបីជាមានភាពមិនច្បាស់លាស់ខ្ពស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលកំពុងបន្ថែមបន្ទុកដល់ សេដ្ឋកិច្ចពិភពលោក និងជំរុញអត្រាការប្រាក់រយៈពេលវែង ឱ្យខ្ពស់ជាងមុន។នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក IMF បានរក្សា ការព្យាករកំណើនសេដ្ឋកិច្ច នៅត្រឹម ៣,២% ទាំងនៅឆ្នាំ ២០២៤ និង ២០២៥។

 


ជាមួយគ្នានេះ IMF បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន ដល់ ៥% ដែលសមស្របនឹងគោលដៅរបស់រដ្ឋាភិបាលចិនសម្រាប់ឆ្នាំ ២០២៤ ដោយសារការស្ទុះងើបឡើងវិញក្នុងត្រីមាសទីមួយនៃការប្រើប្រាស់ឯកជន និងការនាំចេញដ៏រឹងមាំ ហើយIMF ក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៥ ដល់ ៤,៥%។
ជាចុងក្រោយ IMF បានតម្លើងការព្យាករណ៍កំណើនតំបន់អឺរ៉ូ ឆ្នាំ ២០២៤ ដល់ ០,៩% ដោយទុកឱ្យការព្យាករណ៍របស់ប្លុកនេះ នៅឆ្នាំ ២០២៥ ត្រឹម ១,៥%៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025