ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

កម្ពុជា រកបានចំណូលបាន ១ពាន់១រយលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤

១១ មករា ២០២៥ | សេដ្ឋកិច្ច

 

យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល ១២ខែ (ពីខែមករា ដល់ថ្ងៃទី ខែធ្នូ ឆ្នាំ២០២៤) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន កើនឡើង ២៦% នាំចេញទៅក្រៅប្រទេស ៨១ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម ៧៩ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់លានដុល្លា កើន៣១% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ 

 

 

កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលផលិតគ្រាប់ស្វាយចន្ទី នៅលើពិភពលោក ប៉ុន្តែបានកែច្នៃប្រមាណតែ១០% នៃទិន្នផលរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកឯ ៩០% ដែលនៅសល់ ត្រូវបាននាំចេញ ជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេសទៅកាន់ប្រទេសវៀតណាម ជាកន្លែងកែច្នៃផលិតផលស្រស់ និងលក់ក្នុងតម្លៃខ្ពស់ទៅកាន់ទីផ្សារនាំចេញ ខណៈបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសហគ្រាសផលិតកម្ម កែច្នៃគ្រាប់ស្វាយចន្ទីសរុបចំនួន ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម មានសមត្ថភាពផលិត ៧ពាន់តោន ទៅ ១ម៉ឺន៤ពាន់តោន ក្នុងមួយឆ្នាំ ហើយ ៤៤ សហគ្រាសទៀត ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំ ដោយសារខ្វះទុនបង្វិលក្នុងការទិញគ្រាប់ស្តុកទុកកែឆ្នៃ។

 


លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ក្រុមការងារ សេដ្ឋកិច្ច ភីអិនអិនថា រហូតមកដល់ពេលនេះ សម្រាប់ការបញ្ចប់ទៅនៃឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៥ម៉ឺនតោន កើនឡើង ២៦,៨% និងបាននាំចេញគ្រាប់ស្វាយចន្ទីចំនួនប្រមាណ ៨១ម៉ឺន៥ពាន់តោន ដែលអាចរកចំណូលបាន ១,១៥០លានដុល្លារ កើនឡើង ៣១% ដោយក្នុងនោះ ការនាំចេញទៅប្រទេសវៀតណាមមានចំនួនប្រមាណ ៧៩ម៉ឺនតោន។ កំណើនការផលិត និងនាំចេញនេះ ដោយសារផ្ទៃដីប្រមូលផលរបស់កម្ពុជាកើនឡើងដែរ។

 

 

ក្រសួងកសិកម្ម រកឃើញ ៥០ម៉ឺនហិកតា ជាផ្ទៃដីផ្ដល់ផល ប៉ុន្តែដីដែលដាំថ្មីក៏មានច្រើនដែររហូតដល់ ១២ម៉ឺនហិកតា ដូច្នេះ បូកបញ្ជូលគ្នា ៧០ម៉ឺនហិកតា កត្តាមួយទៀតនោះ គឺតម្លៃនៅលើទីផ្សារអន្តរជាតិល្អ ធ្វើឱ្យសហគ្រាសក្នុងស្រុក នាំគ្នាលក់គ្រាប់ស្វាយចន្ទីឆៅ ទៅក្រៅប្រទេសជាជាងទុកកែច្នៃខ្លួនឯង។ 

 


ប្រធានសមាគម បានបន្តថា ស្វាយចន្ទី បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស លើសពីនេះ មានក្រុមហ៊ុនធំៗចំនួន ៥ មកពីប្រទេស ជប៉ុន កូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាគោលដៅរបស់សមាគម ចង់ឱ្យអ្នកវិនិយោគបើករោងចក្រកែច្នៃនៅក្នុងស្រុក ព្រោះថាការកែច្នៃក្នុងស្រុកអាចបន្ថែមតម្លៃដល់កសិករផងដែរ ហើយក៏អាចផ្តល់ឱកាសការងារដល់ប្រជាជនក្នុងស្រុកផង។

 

 

លើសពីនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើនការវិនិយោគ គឺពិតជាសំខាន់ ព្រោះកម្ពុជាមានសក្ដានុពលលើវិស័យស្វាយចន្ទីស្រាប់ ម្យ៉ាងទៀត ពូជស្វាយចន្ទី M២៣ របស់កម្ពុជាមានលក្ខណៈពិសេស និងល្បីល្បាញខាងគ្រាប់ធំ រសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ នៅទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ចំពោះទុនបង្វិលសមាគមបានចុះអនុស្សរណៈជាមួយធនាគារ SME Bank ដោយទទួលបានកម្ចីប្រមាណ ១០០លានដុល្លារ សម្រាប់សមាជិកសមាគម តែសមាគមទើបតែទទួលបាន ៤លានដុល្លារ ដោយសារលក្ខខណ្ឌកម្ចីច្រើន ហើយក្នុងនោះ សហគ្រាសមិនអាចបំពេញតាមលក្ខខណ្ឌរបស់ធនាគារបាន។

 

 

សមាគមស្វាយចន្ទីកម្ពុជា មានក្តីរំពឹងថា នៅក្នុងឆ្នាំ ២០២៥នេះ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅនឹងកើនឡើង ១០% ដោយសារផ្ទៃដីចន្ទីតូចៗ បានផ្តល់ផលជាបណ្តើរៗ បើសិនមិនមានការប្រែប្រួលអាកាសធាតុធំដុំទេនោះ សមាគមពេញចិត្តចំពោះទិន្នផលនៅក្នុងឆ្នាំ២០២៤ ដែលមានការកើនឡើង និងមានតម្លៃល្អ។ 

 

 

ស្វាយចន្ទី គឺជាដំណាំដ៏មានសក្ដានុពល ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយកម្ពុជាក៏មានមហិច្ឆតា ប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក (អធិរាជស្វាយចន្ទី) នាពេលអនាគតផងដែរ។ ដើម្បីសម្រេចតាមមហិច្ឆតានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើបដំបូងគេ សម្រាប់ដំណាំស្វាយចន្ទី ដែលមានឈ្មោះថា «សហគមន៍កសិកម្មទំនើបទំរីង» សហគមន៍នៅខេត្តកំពង់ធំមួយនេះ មានសមាជិក ៧៦គ្រួសារ និងមានផ្ទៃដីផលិតកម្មចន្ទី ដែលផ្តល់ផលស្រាប់ប្រមាណ ៤៥៨ហិកតា។ ការបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់ស្វាយចន្ទី គឺមានគោលដៅប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាពាណិជ្ជកម្ម ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទាំងថ្លៃដើម បរិមាណ និងគុណភាព ហើយកសិករជាសមាជិក គឺអាចទទួលបានអត្ថប្រយោជន៍ច្រើន។


សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨ម៉ឺនហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះ ជាដំណាំដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ក្នុងនោះ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤ម៉ឺន៧ពាន់ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០ម៉ឺន២ពាន់ ហិកតា និងខេត្តរតនគិរីប្រមាណជា ៩ម៉ឺនហិកតា៕
 

 

 


អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025