ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ការប្រើប្រាស់ប្រេងឥន្ធនៈរបស់ថៃ កើនឡើង ២% ក្នុងរយៈពេល ១១ខែ

១៤ មករា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានពាណិជ្ជកម្មថាមពលថៃ បានឱ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំ ២០២៤ បានកើនឡើង ២% ដល់ ១៥៥លានលីត្រក្នុងមួយថ្ងៃ ស្របគ្នាជាមួយសេដ្ឋកិច្ចថៃ ដែលមានកំណើនរង្វង់ ២,៦%។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Bangkok Post។

 

 

នាយកដ្ឋានពាណិជ្ជកម្មថាមពលថៃ លើកឡើងថា ការប្រើប្រាស់ប្រេងឥន្ធនៈសរុបក្នុងប្រទេសថៃ អំឡុងពេល ១១ខែដំបូងនៃឆ្នាំ ២០២៤ បានកើនឡើង ២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ស្របតាមកំណើនសេដ្ឋកិច្ចយឺតរបស់ថៃ។

 


ចាប់ពីខែមករាដល់ ខែវិច្ឆិកា ការប្រើប្រាស់ឥន្ធនៈគ្រប់ប្រភេទ បានកើនឡើងដល់ ១៥៥លានលីត្រក្នុងមួយថ្ងៃ។អគ្គនាយកនៃនាយកដ្ឋានខាងលើ បានថ្លែងថា តម្រូវការប្រេងសាំង និងហ្គាស (ល្បាយនៃប្រេងសាំង និងអេតាណុល) បានកើនឡើងបន្តិចដល់ ៣១លានលីត្រក្នុងមួយថ្ងៃ ដោយសារការប្រែប្រួលនៃឥរិយាបទធ្វើដំណើរ។

 


មនុស្សកាន់តែច្រើន បានជំនួសរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង ជាមួយនឹងរថយន្តអគ្គិសនី ដែលនាំឱ្យការលក់រថយន្តអគ្គិសនី ប្រភេទរថយន្តដឹកអ្នកដំណើរ កើនឡើង ៥%។យ៉ាងណាមិញ តម្រូវការប្រេងម៉ាស៊ូត នៅតែខ្ពស់ដដែល ដោយមានការកើនឡើង ២,៤% ដល់ ៦៦លានលីត្រក្នុងមួយថ្ងៃ ដែលជំរុញដោយសកម្មភាពសេដ្ឋកិច្ច ជាពិសេសការពង្រីកការនាំចេញ ព្រោះប្រេងម៉ាស៊ូត ត្រូវបានប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម។

 


សូមជម្រាបថា ការប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះ បានបន្តកើនឡើង ១៨% ដល់ ១៥លានលីត្រក្នុងមួយថ្ងៃ ដោយសារការរស់ឡើងវិញនៃ វិស័យទេសចរណ៍ ដែលបានទទួលភ្ញៀវទេសចរបរទេសចំនួន ៣២លាននាក់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025