ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

ធនាគារក្នុងស្រុក គ្រោងបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំជាលើកដំបូង

១០ មករា ២០២៥ | សេដ្ឋកិច្ច

 

ធនាគារ អេស៊ីលីដា បានជូនដំណឹងទៅកាន់ ផ្សារមូលបត្រកម្ពុជា អំពីការអនុញ្ញាតរបស់ ធនាគារជាតិនៃកម្ពុជាដល់ខ្លួន លើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ដើម្បី កៀរគរទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម និងសកម្មភាពនានារបស់ធនាគារ។

 

 

ធនាគារ អេស៊ីលីដា បានជូនដំណឹងទៅកាន់ ផ្សារមូលបត្រកម្ពុជា បន្ទាប់ពី ទទួលបានការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា ដល់ខ្លួន លើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ សម្រាប់ប្រើប្រាស់ជាដើមទុន សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត។

 


លើសពីនេះ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ទៀតថា ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងរួមចំណែកអនុវត្តស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ខណៈនេះ ធនាគារ អេស៊ីលីដា កំពុងរៀបចំបំពេញតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរពាក់ព័ន្ធ។

 


ជាក់ស្តែង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅ ផ្សារមូលបត្រកម្ពុជា។សូមជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៣ ដែលក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីជាភាគហ៊ុន និងចំនួន ១២ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ដោយបានកៀរគរទុនពីទីផ្សារមូលបត្រជាង ៤០០លានដុល្លារអាមេរិក៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025