ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
កម្ពុជា ស្វាគមន៍ក្រុមហ៊ុន Evercore Asia ដែលមានបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាមួយកម្ពុជា ដោយផ្តោតលើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍ជាដើម។
ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។
ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរពីភាពជោគជ័យ នៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុន Evercore Asia និងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេច ការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០។
ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី បានបន្តថា ការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹង និងពង្រីកសេវាសុខាភិបាល នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ កម្ពុជា នៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និងវិស័យឯកជននៅកម្ពុជា។គួរជម្រាបថា ទីតាំងវិនិយោគ ឬបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល ដែលមានសុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក។
រាជរដ្ឋាភិបាល បានបើកចំហរនៃច្បាប់វិនិយោគ ដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាន និងកំពុងសាង់សង់ពេញផ្ទៃប្រទេស ជាជម្រើសដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ