ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
តារាចម្រៀង និងសម្ដែង Jennifer Lopez បានរលីងរលោងទឹកភ្នែក ខណៈនិយាយពីភាពយន្តថ្មីរឿង “Unstoppable” ដោយក្នុងរឿងនោះតារាស្រីរូបនេះបានសម្ដែងជាតួម្ដាយរបស់អត្តពលិកពិការជើងដ៏តស៊ូម្នាក់។
“Unstoppable” ភាពយន្តថ្មីពី MGM Amazon Studios មិនត្រឹមតែបង្ហាញខ្សែជីវិតតស៊ូរបស់កីឡាករជើងឯកចំបាប់ពិការជើង គឺលោក Anthony Robles (អេនថូនី រ៉ូបលស៍) ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីវីរភាពម្ដាយរបស់លោកដែលជាតួអង្គរបស់ Jennifer Lopez ផងដែរ។
ដើម្បីឱ្យភាពយន្តនេះមានអារម្មណ៍កាន់តែដូចជីវិតពិត អ្នកដឹកនាំរឿងគឺលោក William Goldenberg បានឱ្យកីឡាករ Anthony Robles ចូលសម្ដែងឈុតមិនចេញមុខមួយចំនួន និងបានឱ្យ Jennifer Lopez ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី Judy ដែលជាម្ដាយរបស់លោក Robles ក្នុងជីវិតពិត។
កំលុងពេលផ្ដល់បទសម្ភាសជាមួយសារព័ត៌មានដើម្បីផ្សព្វផ្សាយភាពយន្តនេះ Jennifer Lopez ស្រាប់តែមានអារម្មណ៍ក្ដុកក្ដួល នៅពេលអ្នកស្រី Judy និយាយពីមិត្តភាពដ៏ជ្រាលជ្រៅរបស់អ្នកស្រីជាមួយតារាសម្ដែងស្រីរូបនេះបន្ទាប់ពីបានធ្វើការជាមួយគ្នា។
គួរបញ្ជាក់ថា ក្នុងភាពយន្តថ្មីនេះ តារាប្រុស Jharrel Jerome (ជែរេល ជើរ៉ូម) បានដើរតួជាកីឡាករ Anthony Robles ខណៈ Jennifer Lopez សម្ដែងជាតួម្ដាយ។ តារាប្រុសវ័យ ២៧ឆ្នាំ Jerome បានឱ្យដឹងថាដើម្បីសម្ដែងជាតួអង្គនេះបានល្អលោកបានចំណាយពេលហ្វឹកហាត់រយៈពេលជាច្រើនខែ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកីឡាករខាងលើ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីជីវិតរបស់លោក។
ចំណែក Jennifer Lopez ក៏បានបង្ហាញពីអារម្មណ៍រំភើបដែរ ខណៈដែលតួអង្គម្ដាយបានចូលរួមចំណែកដ៏សំខាន់ដើម្បីជួយឱ្យកូនប្រុសអាចបង្កើតក្រុមកីឡាចំបាប់ប្រចាំរដ្ឋ Arizona ហើយទីបំផុតបានក្លាយជាជើងឯក NCAA។
ភាពយន្ត "Unstoppable" បានចេញបញ្ចាំងតាមរោងភាពយន្តមួយចំនួនកាលពីខែធ្នូ ហើយនឹងចាប់ផ្ដើមចាក់ផ្សាយអនឡាញនៅកម្មវិធី Prime Video នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥៕
ប្រែសម្រួល៖ វ៉ាន់ថន