ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
បេក្ខភាព ខ្មែរកម្ពុជាក្រោម ខេមរា ថាត់ បានបង្ហាញការជឿជាក់ និងតាំងចិត្តខ្ពស់ពីការចូលប្រកួតដណ្ដើមជយលាភី Mister Supranational Cambodia 2025 បើទោះជាមានបេក្ខភាពឆ្នើមៗចូលរួមប្រកួតច្រើន។
សមភូមិប្រកួតប្រជែងដណ្តើមជយលាភី Mister Supranational Cambodia 2025 កំពុងក្តៅគគុក ស្របពេលដែលបុរសឯកជាច្រើនរូបបាននាំគ្នាសម្រុកដាក់ពាក្យប្រកួតកម្មវិធីនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គេប្រទះឃើញបុរសឯករាងខ្ពស់ស្រឡះម្នាក់ឈ្មោះថា ខេមរា ថាត់ អាយុ ២៨ឆ្នាំ ដែលលោកជាបេក្ខភាពមកពីខ្មែរកម្ពុជាក្រោម។
ក្នុងកិច្ចសម្ភាសន៍ជាមួយភីអិនអិន ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន និងការចុះកិច្ចកុងត្រាជាមួយដាយមិនស្ពនស័រ កាលពីពេលថ្មីៗ កំលោះសង្ហាសាច់ដុំកង់ ខេមរា ថាត់ ឱ្យដឹងថា លោកសម្រេចចិត្តឡើងមកប្រកួតកម្មវិធីបុរសឯកនៅរាជធានីភ្នំពេញដោយសារចិត្តស្រលាញ់ ហើយម៉្យាងវិស័យបុរសឯកនាពេលបច្ចុប្បន្នក៏មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។
ដើម្បីដណ្តើមជយលាភី Mister Supranational Cambodia 2025 ខេមរា បានព្យាយាមហាត់ប្រាណយករូបរាងសាច់ដុំឱ្យសង្ហា ប៉ុន្តែការប្រើប្រាស់ភាសាហាក់បីដូចជាឧបសគ្គសម្រាប់លោក ព្រោះលោកកើត និងធំធាត់ឡើងនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម (បច្ចុប្បន្នជាខេត្តត្រាវិញ វៀតណាម) តែយ៉ាងណាបេក្ខភាពរូបនេះមានការតាំងចិត្តខ្ពស់ក្នុងការនិយាយឱ្យបានល្អក្នុងការប្រកួតនេះ ដើម្បីដណ្តើមតំណែងជយលាភីឱ្យបាន។
ខេមរា ថាត់ សង្ឃឹមថា ពុកម៉ែបងប្អូននឹងស្រលាញ់គាំទ្ររូបលោក និងជួយបោះឆ្នោតគាំទ្រលោកឱ្យបានច្រើនកុះករ ដើម្បីលោកអាចបំពេញក្តីស្រមៃលើវិថីសិល្បៈខ្មែរ។សូមជម្រាបថា លោក ខេមរា ថាត់ អាយុ ២៨ឆ្នាំ កម្ពុស់ 1.83cm មកពីខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ខេមរា ធ្លាប់ត្រូវបានតែងតាំងជាង Mister Global Vietnam 2022 និងបានតំណាងឱ្យប្រទេសវៀតណាមចូលរួមប្រកួតកម្មវិធី Mister Global 2022 នៅប្រទេសថៃ ដោយកាលនោះលោកបានជាប់ក្នុងវគ្គ Top15។
លុះឆ្នាំ២០២៤ បុរសឯកខ្មែរកម្ពុជាក្រោមរូបនេះ ត្រឡប់មកប្រកួតមកប្រកួត Mister Vietnam 2024 ដោយលោកបានជាប់ដល់វគ្គ Top10 ចុងក្រោយ និងពានរង្វាន់ Mister RUNWAY STAR។ជាមួយបទពិសោធន៍ក្រាស់ក្រែលក្នុងការប្រកួតបុរសឯកជាតិ-អន្តរជាតិ កូនខ្មែរកម្ពុជាក្រោមរូបនេះបានសម្រេចចិត្តបោះជំហានមករាជធានីភ្នំពេញ ដើម្បីប្រកួត Mister Supranational Cambodia 2025 ដោយរំពឹងថា នឹងអាចដណ្តើមជយលាភីកម្មវិធីថ្នាក់ជាតិនេះ ដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិជាលើកដំបូងក្នុងនាមជាកូនខ្មែរកម្ពុជាក្រោម៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក