ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សម្រេចការនាំចេញជាង ៥,៤ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំនេះ

០១ មករា ២០២៥ | កម្សាន្ដ

 

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា សម្រេចនូវការនាំចេញប្រមាណ ៥,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

 

 

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា សម្រេចនូវការនាំចេញប្រមាណ ៥,៤ពាន់លានដុល្លារអាមេរិក។

 


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញច្រើនជាងគេ ដោយមានទំហំទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារអាមេរិក ខណៈតំបន់នេះ មានរោងចក្រចំនួន ១០៩ និងកម្មករជិត ៣ម៉ឺននាក់។

 


ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ឈរនៅលេខរៀងទី ២ ជាមួយទឹកប្រាក់នាំចេញជាង ១ពាន់លានដុល្លារអាមេរិក ដោយមានរោងចក្រសរុប ១២២ និងកម្មករចំនួនជាង ៤ម៉ឺននាក់។

 


ទន្ទឹមគ្នានេះ គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៤៩គម្រោង ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការ មានចំនួន ២៦ ហើយតំបន់ ដែលមានរដ្ឋបាលប្រចាំតំបន់ មានចំនួន២០។

 


សូមជម្រាបដែរថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ ដែលដំណើរការនៅទូទាំងប្រទេស មានក្រុមហ៊ុនចំនួន ៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគសរុបជាង ៨ពាន់លានដុល្លារអាមេរិក ដោយផ្តល់ការងារដល់កម្មករប្រមាណ ១៧ម៉ឺននាក់ ខណៈ ៩០% នៃតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រមិនមែនកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025