ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ធនាគារពិភពលោក បានតម្លើងការព្យាករសេដ្ឋកិច្ចរបស់ប្រទេសចិន មកដល់ ៤,៩% នៅឆ្នាំ ២០២៤ ដោយលើកឡើងពី ភាពចាំបាច់នៃការបង្កើនកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីពង្រឹងកំណើនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
នៅក្នុងការព្យាករសេដ្ឋកិច្ចចិនចុងក្រោយបំផុតរបស់ ធនាគារពិភពលោក បានបង្ហាញថា ការព្យាករណ៍ត្រូវបានកែសម្រួលឡើងដល់ ៤,៩% សម្រាប់ឆ្នាំ ២០២៤ និងដល់ ៤,៥% នៅឆ្នាំ ២០២៥ខាងមុខ។
ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប្រទេសចិន នៅតែសម្រេចបាននូវកំណើន ៤,៨% នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះ។ប៉ុន្តែសេដ្ឋកិច្ចចិន បានធ្លាក់ចុះចាប់តាំងពីត្រីមាសទី ២មក ដោយសារតម្រូវការក្នុងស្រុក ចុះទន់ខ្សោយ និងវិស័យអចលនទ្រព្យធ្លាក់ចុះ។
ជាចុងក្រោយ ធនាគារពិភពលោក ស្នើឱ្យចិនស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជា ការពង្រឹងបណ្តាញសុវត្ថិភាពសង្គម និងការបន្ធូរបន្ថយភាពតានតឹងផ្នែកសារពើពន្ធរបស់រដ្ឋាភិបាល ដែលជាមូលដ្ឋានសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។
សូមរម្លឹកថា ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ឈានដល់ ១៧,៧ទ្រីលានដុល្លារអាមេរិក បានកើនឡើង ៥,២% ក្នុងឆ្នាំ ២០២៣ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ