ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនាគារ និងសេដ្ឋកិច្ច

៣០ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

 

 ធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការនៃ ការប្រែក្លាយ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាននៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក្នុងវិស័យធនាគារ និងសេដ្ឋកិច្ច។

 

 

នាឱកាសសម្ពោធផ្លូវការនៃ ការប្រែក្លាយ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាននៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជា វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

 


នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពរបស់វិទ្យាស្ថានដែលបានកកើត និងវិវត្តន៍ខ្លួនរីកចម្រើនគួរជាទីមោទនៈ ហើយការប្រែក្លាយទៅជាវិទ្យាស្ថាននេះ គឺជាការធ្វើឯកទេសកម្មស្របតាមស្ដង់ដា និងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

 


សូមជម្រាបថា ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។

 


គិតមកដល់ពេលបច្ចុប្បន្ន  វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួនជាង ៣ពាន់រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025