ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា សម្រាប់អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹម ឆ្នាំ២០២៤ មានប្រមាណ ៥,៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើងលើស ៧លាននាក់ នៅក្នុងមួយឆ្នាំ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងបន្ថែមថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យស្របទៅនឹងគោលការណ៍ច្បាប់ របស់អាកាសចរណ៍ស៊ីវិល និងស្របទៅតាមគោលការណ៍ណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ ដើម្បីត្រៀមលក្ខណៈទទួលយន្ដហោះ ពីបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក។
បន្ថែមពីលើនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ឯកឧត្តម រីករាយដែលបានសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ក្នុងការទទួលភ្ញៀវទេសចរចិន ដែលបានបង្កើនជើងយន្ដហោះ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្លឹងឃើញថា វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ជាស្បៀងសំខាន់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បច្ចុប្បន្នបានចាប់ផ្តើមហោះហើរឡើងវិញ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយគ្នានេះ ជើងហោះហើរនឹងដំណើរការ ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
គួរជម្រាបថា កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ធ្លាប់បានហោះហើរចេញ-ចូល ប្រទេសកម្ពុជា បានចំនួនប្រមាណ ៦២ជើង ក្នុងមួយសប្ដាហ៍៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ អាកាសចរណ៍ស៊ីវិល