ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥

ធនាគារជាតិនៃកម្ពុជា ប្រកាសពីបទប្បញ្ញតិគ្រប់គ្រងប្រតិបត្តិការ ពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ

៣០ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

នៅមុនដំណាច់ឆ្នាំ ២០២៤នេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តប្រកាសស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្នុងគោលបំណងគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម១ ស្របតាម ច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។នៅថ្ងៃទី ២៦ ខែធ្នូ មុនដំណាច់ឆ្នាំ ២០២៤នេះ ធនាគារជាតិនៃកម្ពុជា បានប្រកាស ស្ដីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដោយមានគោលបំណងគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម១ ស្របតាម ច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

 


ប៉ុន្តែ ប្រកាសនេះមិនអនុញ្ញាតឱ្យធនាគារពាណិជ្ជកាន់កាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ដែលជាប្រភេទទ្រព្យសកម្មគ្រីបតូមិនមានការធានា និងមានហានិភ័យខ្ពស់ ដូចជា ប៊ីតខ័ញ (Bitcoin)  នោះទេ។

 


លើសពីនេះ ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងនីតិបុគ្គលផ្សេងទៀត ដែលធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ត្រូវស្នើសុំការអនុញ្ញាត ឬអាជ្ញាបណ្ណជាមុនពី ធនាគារជាតិនៃកម្ពុជា។

 


បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ អាចមានកាន់កាប់ទ្រព្យសកម្មគ្រីបតូ ដែលមានការធានានិងសុវត្ថិភាពខ្ពស់ ដូចជា៖ ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម ១ក (ថូខិនទ្រព្យសកម្មប្រពៃណី -Tokenized Traditional Assets) ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍ហិរញ្ញវត្ថុធម្មតា និង ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម ១ខ ដែលជាស្ដេប៊លខ័ញ (Stablecoin) មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព។

 


គួរជម្រាបថា ទ្រព្យសកម្មគ្រីបតូ សំដៅដល់ឯកតាតម្លៃជាឌីជីថល ដោយប្រើប្រាស់គ្រីបតូ ក្រាហ្វី (Cryptography) និងបច្ចេកវិទ្យាឌីអិលធី (Distributed ledger technology ឬ DLT) ឬ បច្ចេកវិទ្យាប្រហាក់ប្រហែល។ ទ្រព្យសកម្មគ្រីបតូអាចត្រូវបានជួញដូរ ផ្ទេរ និងប្រើប្រាស់សម្រាប់ ការទូទាត់ ការវិនិយោគ ឬការទទួលបានទំនិញឬសេវា តាមប្រព័ន្ធឌីជីថល៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត +ធនាគារជាតិនៃកម្ពុជា

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025