ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង កើនឡើង៥៤% មានទំហំទុនវិនិយោគ ៦៩០០ លានដុល្លារ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង មានការកើនឡើងចំនួន ១៤៦គម្រោង ស្មើរនឹង ៥៤% មានទំហំទុនវិនិយោគប្រមាណ ៦៩០០ លានដុល្លារអាម៉េរិក កើនឡើង ១៩៧៣ លានដុល្លារអាម៉េរិក ស្មើរនឹង ៤០% ដែលអាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង។ ក្នុងនោះ មានគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបន្តថា ចំពោះការងារ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិ លើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែល នឹងឆ្នាំ២០២៣ ដោយ កម្ពុជាទទួលបានហិរញ្ញប្បទាន សហប្រតិបត្តិការប្រមាណ ២ពាន់១រយ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង ៦០% ជាឥណទានសម្បទាន ខណៈភាគច្រើន នៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%។
ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានលើកឡើង អំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតួអង្គជួរមុខជួបផ្ទាល់ ជាមួយវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាព និងភាពរីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យ ទៅកាន់ឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ការប្រែប្រួល យ៉ាងឆាប់រហ័ស នៃស្ថានភាពភូមិសាស្ត្រ នយោបាយពិភពលោក និងការប្រកួតប្រជែង នៅក្នុងតំបន់ ទាមទារឱ្យកម្ពុជា ត្រូវត្រៀមលក្ខណៈឱ្យបានកាន់តែល្អប្រសើរ ដែលមានភាពឆ្លើយតប និងភាពធន់ខ្ពស់ ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត។
គួររំលឹកបន្តិថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្ម ក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញ-ចូលតែមួយ របស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា