ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
គិតត្រឹមខែតុលា ឆ្នាំ ២០២៤នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានជាង ៦០ពាន់លានដុល្លារ ទៅក្នុងវិស័យសេដ្ឋកិច្ច កើនឡើង ២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ ២០២៤នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានជាង ៦០ពាន់លានដុល្លារ ទៅក្នុងវិស័យសេដ្ឋកិច្ច កើនឡើង ២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ធនាគារជាតិ បានបន្ថែមថា ការកើនឡើងនេះរួមចំណែកចម្បងដោយ កំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេពិងៗទៀត។
ពិតណាស់ ឥណទាន ជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។
បើយើងក្រឡេកទៅមើល វិស័យដែលទទួលបានឥណទានធំជាងគេក្នុងឆ្នាំ ២០២៤ គឺវិស័យជួញដូរដុំ និងរាយ ដែលមានទំហំឥណទានដល់ទៅ ៦០ទ្រីលានរៀល ឬប្រមាណ ១៥ពាន់លានដុល្លារអាមេរិក ខណៈវិស័យសំណង់ ជាប់លំដាប់ទី ២ មានទំហំឥណទាន ២៩ទ្រីលានរៀល ឬប្រមាណ ៧ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣%។
ដោយឡែក វិស័យកសិកម្ម និងវិស័យសេវាកម្ម មានទំហំឥណទានប្រហាក់ប្រហែលគ្នា រង្វង់ ២១ទ្រីលានរៀល។ចំពោះអង្គភាពគ្រួសារ ដែលទទួលបានឥណទានពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមានជាង ២ទ្រីលានរៀល៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ