ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ក្រុមហ៊ុន Toyota Motor Corp បានសន្យាវិនិយោគ ១,៦ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសថៃ ដើម្បីពង្រីកផលិតកម្មរថយន្តកូនកាត់ ឬហៅថា រថយន្ត Hybrid។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ ប្រធានក្រុមហ៊ុន Toyota បានសន្យាថា នឹងវិនិយោគទឹកប្រាក់ប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសថៃ ដើម្បីពង្រីកផលិតកម្មរថយន្ត Hybrid។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានលើកឡើងថា ការវិនិយោគនេះ នឹងពាក់ព័ន្ធនឹងខ្សែសង្វាក់ផលិតកម្ម retooling ដើម្បីគាំទ្រដល់ ការផលិតទាំងម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិច ដែលមានថាមពលថ្ម សម្រាប់រថយន្តកូនកាត់ ហើយក៏នាំឱ្យមានការងារការផ្ទេរបច្ចេកវិទ្យាផងដែរ។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ គឺនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់អំពី ការត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលគោលនយោបាយរបស់ខ្លួន ចំពោះតម្រូវការឧស្សាហកម្មរថយន្ត ដោយថ្លឹងថ្លែងទៅលើ ផលប្រយោជន៍របស់ក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។
គោលនយោបាយរបស់ថៃ នឹងរួមបញ្ចូលការលើកកម្ពស់កំណើនប្រកបដោយចីរភាព នៅក្នុងវិស័យយានយន្តអគ្គិសនី ខណៈពេលដែលរាជរដ្ឋាភិបាល ធ្វើការជំរុញគំនិតផ្តួចផ្តើមថាមពលបៃតងរបស់ខ្លួន។ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេរិះគន់ចំពោះការលក់រថយន្តអគ្គិសនី បានចំនួនទាប ប៉ុន្តែការសម្រេចចិត្តផ្តោតលើ ម៉ូដែលកូនកាត់ បាននិងកំពុងបង្ហាញផលចំណេញ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បានកាត់បន្ថយគោលដៅផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៦ ជាង ១ភាគ៣ ដំបូងឡើយ វាបានកំណត់គោលដៅចំនួន ១លាន ៥សែនគ្រឿង ដើមនៅឆ្នាំ ២០២៦ ប៉ុន្តែឥឡូវនេះ នឹងមានគោលបំណងផលិតបានប្រហែល ១លានគ្រឿងប៉ុណ្ណោះ។សូមជម្រាបថា ក្រុមហ៊ុនតូយ៉ូតា បានប្រតិបត្ដិការនៅប្រទេសថៃ អស់រយៈពេលជាង ៦០ឆ្នាំមកហើយ ខណៈប្រទេសនេះ កំពុងបម្រើការជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ តូយ៉ូតា៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ