ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវ ទំហំពាណិជ្ជកម្មអន្តរជាតិជាង ៥,៥ទ្រីលានដុល្លារអាមេរិក កើនឡើង ៥% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើង ៦% ដល់ជាង ៣,១ទ្រីលានដុល្លារអាមេរិក ក្នុងអំឡុងខែមករាដល់ ខែវិច្ឆិកា ខណៈដែលការនាំចូលបានកើនឡើង ២% ដល់ ២,៣ទ្រីលានដុល្លារអាមេរិក។
ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីរបស់ចិន បានឈានដល់ ១,៩ទ្រីលានដុល្លារ កើនឡើង ៨% ហើយស្មើនឹង ៥៩% នៃការនាំចេញសរុបរបស់ចិន។
ចំពោះការនាំចូលទំនិញចាប់ពីខែមករាដល់ខែវិច្ឆិកា ការនាំចូលផលិតផលថាមពល និងរ៉ែ បានកើនឡើង ៦% និង ៤% រៀងគ្នា។
ទន្ទឹមគ្នានេះ ការនាំចូលផលិតផលមេកានិក និងអគ្គិសនី បានឈានដល់ជាង ៨៧៦ពាន់លានដុល្លារអាមេរិក កើនឡើង ៧% ជាពិសេសផ្នែកគ្រឿងបន្លាស់យន្តហោះ និងគ្រឿងបន្លាស់អេឡិចត្រូនិច កើនឡើងខ្ពស់ដូចគ្នា។
ប្រធាននាយកដ្ឋានវិភាគស្ថិតក្រោមអគ្គនាយកដ្ឋានគយចិន បានបញ្ជាក់ថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ ដោយមានការពង្រីកជាបន្តបន្ទាប់ក្នុងទំហំ និងការបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ ដែលធ្វើឱ្យ ចិន អាចសម្រេចបាននូវ គោលដៅកំណើនប្រចាំឆ្នាំ ប្រកបដោយស្ថិរភាពទាំងគុណភាព និងបរិមាណ។
សូមជម្រាបថា ការស្ទុះងើបឡើងវិញនៃតម្រូវការទីផ្សារខាងក្រៅ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់ប្រទេសចិន ហើយពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយ ១៦០ប្រទេស និងតំបន់ជុំវិញពិភពលោក បានកើនឡើងក្នុងអំឡុងពេលនោះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ