ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មាន ដែលផ្សាយដោយគណនីហ្វេសប៊ុក ឈ្មោះ Cambodia Daily Khmer កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN។
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ក៏បានគូសបញ្ជាក់ជូនសាធារណជន ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះថា ទាំងរូបភាព និងខ្លឹមសារ ដែលផ្សាយដោយ Cambodia Daily Khmer គឺសុទ្ធសឹងជារូបភាព និងព័ត៌មានមិនពិតទាំងអស់ ពីព្រោះទីតាំង ដែលគេបានបង្ហាញនោះ មិនមែនជាស្ថានីយទូរទស្សន៍ PNN នោះទេ។
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ក៏សូមបញ្ជាក់បន្ថែមថា ស្ថានីយទូរទស្សន៍ PNN គឺជាបណ្តាញផ្សាយព័ត៌មានស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ ហើយមិនត្រូវបានប្រើប្រាស់ជាទីតាំងប្រព្រឹត្តិអំពើខុសច្បាប់ណាមួយ ដូចការចោទប្រកាន់ពីសំណាក់ក្រុមទុច្ចរិតប្រឌិតព័ត៌មានក្លែងក្លាយខាងលើនោះឡើយ។
ជាការកត់សម្គាល់ សេចក្តីប្រកាសរបស់ទូរទស្សន៍ PNN ខាងលើនេះ បន្ទាប់ពី ហ្វេសប៊ុកផេក ឈ្មោះ the Cambodia Daily បានផ្សាយវិដេអូមួយ ដែលជាព័ត៌មានក្លែងក្លាយ បំភៃខុសការពិត ខុសទាំងខ្លឹមសារ និងខុសទាំងរូបភាព ក្នុងចេតនាទុច្ចរិតបំផ្លាញកិត្តិយសអ្នកដទៃដោយគ្មានការទទួលខុសត្រូវ។
រូបភាព ដែលបង្ហាញក្នុងខ្លីបវិដេអូនេះទៀតសោត ក៏ខុសពីទីតាំងជាក់ស្តែងរបស់ស្ថានីយទូរទស្សន៍ PNN ដែលបានបើកដំណើរចាប់តាំងពីឆ្នាំ២០១៥។ ដូច្នេះសូមមហាជន កុំជឿព័ត៌មានមិនពិត ដែលផ្សាយតាមហ្វេសប៊ុកផេក the Cambodia Daily នេះ៕
អត្ថបទ៖ លី ម៉េងហួរ រូបភាព៖ PNN