ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា-បណ្តាប្រទេស RCEP សម្រេចបាន ៣១ពាន់លានដុល្លារ 

២៦ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងរយៈពេល ១១ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ៣១ពាន់លានដុល្លារអាមេរិក ជាមួយបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ហើយតួលេខនេះ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មកម្ពុជា។

 

 

របាយការណ៍របស់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា កម្ពុជា សម្រេចបានការនាំចេញជាង ៨,២ពាន់លានដុល្លារអាមេរិក ទៅកាន់បណ្តាប្រទេស RCEP ដែលកើនឡើង ១៤% ខណៈការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញជាង ២៣ពាន់លានដុល្លារអាមេរិក កើនឡើង ១៩%។គោលដៅនាំចេញកំពូលរបស់កម្ពុជា ក្នុងសមាជិក RCEP រួមមាន វៀតណាម ប្រទេសថៃ និងសិង្ហបុរី។

 


អំឡុងពេល ១១ខែនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ទំហំពាណិជ្ជកម្មប្រមាណ ៥០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២៤ពាន់លានដុល្លារ កើនឡើង ១៤% និងការនាំចូលមានទំហំជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៧%។ មុខទំនិញសំខាន់ៗ កម្ពុជា នាំចេញ រួមមាន សម្លៀកបំពាក់ជិត ៩ពាន់លានដុល្លារ ស្ថិតនៅលើកំពូលតារាង កើនឡើង ២៥%, សម្ភារធ្វើដំណើរ នាំចេញជាង ១,៧ពាន់លានដុល្លារ, ស្បែកជើង ១,៥ពាន់លានដុល្លារ និងស្រូវ ១,៥ពាន់លានដុល្លារអាមេរិក។

 


ដោយឡែក មុខទំនិញនាំចូលសំខាន់ៗ រួមមាន វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក សម្ភារសំណង់ ប្រេងម៉ាស៊ូត និងរថយន្តជាដើម។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024