ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងជួយអភិវឌ្ឍភូមិគំរូនៅកម្ពុជា

២៥ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាផងដែរ។នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថិតក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាផងដែរ។

 


ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត បានលើកឡើងពី កត្តាសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ព្រមទាំងដំណើរការ និងសមិទ្ធផលរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ខណៈឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រែក្លាយតំបន់ជនបទ ឱ្យមានភាពរីកចម្រើន តាមរយៈការកាត់បន្ថយភាពក្រីក្រ។

 


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង អំពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទ ឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ទី២-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ទី៣-ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជា និងជាដៃគូសហការយ៉ាងស្អិតល្មួត ជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ លើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យផងដែរ។សូមជម្រាបថា ចិន នឹងបន្តផ្តល់ជំនួយដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយអភិវឌ្ឍភូមិគំរូ៕
 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងអភិវឌ្ឍន៍ជនបទ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024