ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥

ប្រទេសវៀតណាម សម្រេចទំហំពាណិជ្ជកម្មអន្តរជាតិជាង ៧៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤

២៤ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

អគ្គនាយកដ្ឋានការិយាល័យស្ថិតិ បានឱ្យដឹងថា វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួន ៧៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

អគ្គនាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបញ្ជាក់ថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងឆ្នាំ ២០២៤នេះ សម្រេចបានជាង ៧៤៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានចំនួន ៣៨៤ពាន់លានដុល្លារ និងនាំចូល ៣៦១ពាន់លានដុល្លារ ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ២៣ពាន់លានដុល្លារអាមេរិក។

 


ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ អ្នកជំនាញពាណិជ្ជកម្មជាច្រើនបានព្យាករថា ចំណូលនៃការនាំចូល-នាំចេញនៅឆ្នាំ ២០២៤ ទំនងជានឹងឈានដល់កំណត់ត្រាថ្មីចំនួន ៨០០ពាន់លានដុល្លារអាមេរិក ទោះជាយ៉ាងណាក៏ដោយ ពួកគេបានស្នើឱ្យ អាជីវកម្មបន្តកែលម្អគុណភាព និងការរចនាទំនិញ ដើម្បីដណ្តើមទីផ្សារនាំចូល។

 


ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រីកទីផ្សារសម្រាប់ទំនិញវៀតណាម ដោយផ្តោតលើការសម្របសម្រួលពាណិជ្ជកម្មតាមព្រំដែន និងអនុវត្តកម្មវិធីជំរុញពាណិជ្ជកម្ម ដើម្បីបង្កើតលក្ខខណ្ឌវិជ្ជមានសម្រាប់ក្រុមហ៊ុនវៀតណាម និងបង្ហាញពីវត្តមានរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក។


សម្រាប់ឆ្នាំ ២០២៥ រដ្ឋសភា បានកំណត់គោលដៅចំណូលថវិការដ្ឋចំនួន ១៦ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើការព្យាករណ៍កំណើន GDP ៧% និងតម្លៃប្រេងឆៅប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025