ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ដោយសារតម្រូវការទុរេនក្នុងប្រទេសចិន អាចឡើងដល់ ៨ពាន់លានដុល្លារ ឥណ្ឌូនេស៊ី កំពុងធ្វើការជំរុញនាំចេញទុរេនទៅកាន់ប្រទេសចិន ទៅតាមផែនការរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានចាប់ផ្តើមកាលពីមួយរយៈមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ រដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការស្បៀងអាហារ បានគូសបញ្ជាក់ពី តម្រូវការទុរេន ដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន ហើយវាជាឱកាសដ៏ល្អសម្រាប់ ប្រទេសកសិកម្មទុរេន ដូចជាប្រទេសឥណ្ឌូនេស៊ី ក្នុងការជំរុញការនាំចេញផ្លែឈើនេះ ហើយក៏ជាដំណឹងល្អសម្រាប់កសិករទុរេនផងដែរ។
បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី មានលទ្ធភាពផលិតតែ ដំណាប់ទុរេន សម្រាប់ការនាំចេញប៉ុណ្ណោះ ជាផលិតផលដែលមានដំណើរការផលិតដ៏ស្មុគស្មាញ យូរ និងតម្លៃលក់ទាប។យ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងស្វែងរក ការនាំចេញផ្លែទុរេនទាំងមូល ក្នុងពេលអនាគត ហើយបញ្ជូនទៅប្រទេសចិនដោយផ្ទាល់ ដោយមិនមានការឆ្លងកាត់ប្រទេសដទៃ។
ជាក់ស្តែង ប្រទេសឥណ្ឌូនេស៊ី មានទុរេនច្រើន ប៉ុន្តែដើម្បីទៅដល់ប្រទេសចិន ត្រូវដឹកជញ្ជូនទៅប្រទេសថៃជាមុនសិន ហើយប្រាក់ចំណេញថយចុះ។ជាចុងក្រោយ ឥណ្ឌូនេស៊ី ជឿជាក់ថា ប្រទេសចិន នឹងដំណើរការការត្រួតពិនិត្យដោយផ្ទាល់ទៅលើទុរេនរបស់ប្រទេសឥណ្ឌូនេស៊ី នៅដើមឆ្នាំក្រោយ ហើយប្រទេសទាំង ២ អាចចុះហត្ថលេខាលើ MOU ដើម្បីឱ្យទុរេនឥណ្ឌូនេស៊ី អាចចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ