ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្មថៃ បានកំណត់ទិសដៅកំណើនការនាំចេញពី ២ ទៅ ៣% សម្រាប់ឆ្នាំ ២០២៥ ខណៈដែលកំណើននៃការនាំចេញនៅឆ្នាំនេះ រំពឹងថានឹងឈានដល់ ៥%។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ក្រសួងបានកំណត់ទិសដៅកំណើនការនាំចេញនៅ ២ ទៅ ៣% សម្រាប់ឆ្នាំ ២០២៥ ដែលប៉ាន់ស្មានថា មានតម្លៃជាង ៣០៥ពាន់លានដុល្លារអាមេរិក។
ការប៉ាន់ប្រមាណបង្ហាញថា កំណើនការនាំចេញ នឹងឈានដល់ ៥% ក្នុងឆ្នាំ ២០២៤ ដែលបង្កើតបានកំណត់ត្រាកម្រិតខ្ពស់បំផុតចំនួន ៣០០ពាន់លានដុល្លារអាមេរិក។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចថៃ ដោយព្យាករណ៍ថា វានឹងបន្តងើបឡើងវិញ និងកើនឡើងនៅឆ្នាំក្រោយ។លោកបានបន្តថា ក្រុមហ៊ុនជាច្រើនដែលវិនិយោគនៅប្រទេសថៃ រំពឹងថានឹងបញ្ចប់ការសាងសង់រោងចក្ររបស់ពួកគេ ដែលនាំឱ្យមានការកើនឡើងនៃការនាំចេញ។
ជាងនេះទៅទៀត ការចរចាប្រកបដោយជោគជ័យនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់កិច្ចព្រមព្រៀង ជាមួយ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សុទ្ធតែជំរុញការនាំចេញ។ជាចុងក្រោយ ក្រសួង សង្ឃឹមថាប្រាក់បាត អាចធ្លាក់ចុះដល់ ៣៦ ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥ ដែលនឹងគាំទ្រដល់ការនាំចេញ និងកំណើនសេដ្ឋកិច្ច៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ