ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យដ៏ធំធេងនៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានថ្លែងថា ការឈានជើងដើរចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គឺជាការសម្រេចចិត្តមួយ ក្នុងការប្រឹងប្រែងជាម្ចាស់ការក្នុងការរស់ដោយខ្លួនឯង។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមានទេ ហើយក៏មិនមែនអត់មានបញ្ហានោះដែរ តែកម្ពុជា ត្រូវផ្ដោតលើសក្ដានុពលរបស់យើងដែលមាន ត្រូវខិតខំជំរុញប្រទេសកម្ពុជា ឱ្យរីកចម្រើន ខណៈកម្ពុជា ត្រូវតែធ្វើយ៉ាងណាខិតខំអភិវឌ្ឍប្រទេសក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ហើយបានដាក់ទិសដៅចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខ។
ទន្ទឹមនឹងនេះ ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នេះ មិនត្រឹមតែជាសមិទ្ធផលជាតិ ប៉ុណ្ណោះទេ តែជាការតំណាងឲ្យភាពជោគជ័យរួមនៃសាមគ្គីភាព និងភាពជាដៃគូសកល ដូចដែលបានចារឹកទុកនៅក្នុងរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កត្តានេះ ក៏នឹងផ្តល់ឱ្យកម្ពុជា នូវផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅ ឆ្នាំ២០៥០។
ជាមួយគ្នានេះ កម្ពុជា ក៏មិនភ្លេចពីបញ្ហាប្រឈមមួយចំនួនផងដែរ រួមមានការបាត់បង់ការទទួលបាននូវការអនុគ្រោះពន្ធនាំចេញ និងលក្ខខណ្ឌអនុគ្រោះ ក្នុងការទទួលបានហិរញ្ញប្បទានសម្បទាន ជាដើម។ សូមជម្រាបថា កម្ពុជា ក៏ប្តេជ្ញានឹងធានាឱ្យបាននូវដំណាក់កាលអន្តរកាលដ៏រលូន និងមាននិរន្តភាពមួយ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមកាន់តែស៊ីជម្រៅ ជាមួយភាពជាដៃគូក្នុងតំបន់ និងពិភពលោក៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី