ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ វិនិយោគិនវៀតណាម បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ៥៥៧លានដុល្លារអាម៉េរិក ដែលជាប់លំដាប់ថ្នាក់ទី ៣។ នេះបើយោងតាមការចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅដើមខែធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសរំលេចឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាម ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧លានដុល្លារអាម៉េរិក។
ឯកឧត្តម ក៏បានបន្ថែមថា កំណើននៃការវិនិយោគ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ គឺមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
បើតាមទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១១ខែនេះ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៣៨៩គម្រោង គិតជាទឹកប្រាក់ជាង ៦,៤ពាន់លានដុល្លារអាមេរិក និងបង្កើតបានឱកាសការងារជាង ៣០ម៉ឺនកន្លែង។
នៅក្នុងខែវិច្ឆិកា កន្លងទៅនេះ ឆ្នាំ ២០២៤នេះ ការវិនិយោគមកពី ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយកាន់កាប់ចំណែក ៥១% នៃទុនវិនិយោគសរុប ៩៤០លានដុល្លារអាម៉េរិក។
ជាក់ស្តែង ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៩៤០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។
សូមរម្លឹកថា កាលពីឆ្នាំ ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចម្រុះចំនួន ២៦៨ រួមមាន គម្រោងថ្មីមាន ២៤៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២១គម្រោង ហើយមានទុនវិនិយោគសរុបប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ