ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ឈុតខ្លីៗដំបូងពីភាពយន្ត “Superman” version ថ្មីទើបតែត្រូវបានបញ្ចេញ និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រូទូទាំងពិភពលោក ខណៈមានការចូលទស្សនាដល់ ២០ លានដងក្នុងរយៈពេលមិនដល់ ២០ ម៉ោងក្រោយចេញផ្សាយលើយូធូប។
ក្រុមហ៊ុន Warner Brothers កាលពីថ្ងៃទី១៩ ខែធ្នូ បានចេញផ្សាយឈុតខ្លីៗដំបូងសម្រាប់ភាពយន្ត 'Superman' ថ្មីរបស់ខ្លួនដែលសម្តែងដោយតារាប្រុសអាមេរិក David Corenswet (ដេវីត ខូរិនស្វេត)។
វីដេអូ Trailer ដំបូងនេះបានបង្ហាញពីរូបភាពដំបូងនៃភាពយន្តវីរបុរសថ្មីដែលជាស្នាដៃដឹកនាំរបស់លោក James Gunn (ជេមស៍ ហ្កាន់) ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈស្នាដៃដឹកនាំភាពយន្ត “Guardians of the Galaxy” ទាំង ៣ វគ្គ រួមទាំងភាពយន្ត “Suicide Squad” ហើយបច្ចុប្បន្នគឺជានាយកប្រតិបត្តិមួយរូបរបស់ DC Studios។
តាមរយៈការបង្ហោះលើគណនីបណ្ដាញសង្គម X លោក James Gunn បានបង្ហើបថា ភាពយន្តថ្មីនេះនឹងនិយាយអំពីធម្មជាតិនៃមនុស្សជាតិ និងអត្ថន័យពិតពីក្រោយការក្លាយខ្លួនជាវីរបុរស។
តារាសម្ដែង David Corenswet ដែលធ្លាប់សម្ដែងជាតួរាយរងក្នុងភាពយន្តនិងរឿងភាគជាច្រើន នឹងបង្ហាញខ្លួនជាតួឯកលើកដំបូងក្នុងភាពយន្តនេះ ជាតូអង្គ Superman និង Clark Kent ហើយរឿងនេះក៏ជាភាពយន្តដំបូងផងដែររបស់លោកមកកាន់ចក្រវាលភាពយន្ត DC Universe ឬ DCU។
តួអង្គសំខាន់ផ្សេងទៀតមានដូចជា តារាស្រី Rachel Brosnahan និងតារាប្រុស Nicholas Hoult។ភាពយន្ត “Superman” version ថ្មីនេះនឹងចេញបញ្ចាំងជាអន្តរជាតិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ៕
ប្រែសម្រួល៖ វ៉ាន់ថន