ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

ទីក្រុងធំៗនៅអាស៊ីតុបតែងយ៉ាងស្រស់ស្អាតស្វាគមន៍បុណ្យណូអែល

២០ ធ្នូ ២០២៤ | កម្សាន្ដ

 

ត្បិតថាបុណ្យណូអែលជាប្រពៃណីខាងបស្ចិមប្រទេស ប៉ុន្តែទីក្រុងជាច្រើននៅអាស៊ីក៏បាននិងកំពុងរៀបចំតុបតែងនិងមានសកម្មភាពជាច្រើនដើម្បីឱ្យប្រជាជននិងភ្ញៀវទេសចរបានរីករាយកម្សាន្តក្នុងពិធីបុណ្យមួយនេះ។

 

 


ផ្សារបុណ្យណូអែលចំនួន ៣ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានទាក់ទាញក្រុមអ្នកដើរកម្សាន្តជាច្រើនដែលកំពុងស្វែងរកអំណោយ ចំណីអាហារ និងប្រដាប់ប្រដាតុបតែងអបអរសាទររដូវកាលឈប់សម្រាកចុងឆ្នាំនិងបុណ្យណូអែលខាងមុខនេះ។

 

 

 

ផ្សារនីមួយៗត្រូវបានតុបតែងលម្អដោយភ្លើងភ្លឺចែងចាំង និងមានភាពចម្រុះពណ៌ ដោយមានដើមឈើណូអែលយក្ស រូបតាណូអែល និងគ្រឿងលម្អផ្សេងៗជាច្រើន។នៅក្នុងប្រទេសចិន ពិធីបុណ្យណូអែលមិនត្រូវបានគេប្រារព្ធជាប្រពៃណីនោះទេ ប៉ុន្តែវាជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍វ័យក្មេង និងក្រុមគ្រួសារជាច្រើនដែលគ្រោងចំណាយពេលថ្ងៃឈប់សម្រាកនេះជាមួយគ្នា។

 

 


នៅកណ្ដាលទីក្រុងតៃប៉ិ វិញអារម្មណ៍នៃថ្ងៃឈប់សម្រាកចុងឆ្នាំបានហក់ឡើងពេញទំហឹងតាំងពីដើមខែធ្នូ ខណៈអ្នកថ្មើរជើងជាច្រើនបានប្រមូលផ្តុំគ្នាពេញផ្លូវនានា ជុំវិញអគារ Taipei 101 ដ៏ល្បីល្បាញប្រចាំទីក្រុង។ អ្នកទិញទំនិញជាច្រើនក៏បានឈប់ដើម្បីចូលថតរូបជាមួយការតុបតែងបុណ្យណូអែលដ៏ចម្រុះពណ៌ផងដែរ។

 


នៅទីក្រុងញូវតៃប៉ិ ពិព័រណ៍បុណ្យណូអែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៥ ខែវិច្ឆិកា។ ដំណើរការរយៈពេល ៤៨ ថ្ងៃ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវទេសចរមកពីទូទាំងកោះតៃវ៉ាន់ និងក្រៅប្រទេស ជាពិសេសសង្កាត់ Banqiao (ប៉ាងឈាវ) ដែលត្រូវបានប្រែក្លាយទៅជាពិភពបុណ្យណូអែលដ៏ស្រស់ស្អាតក៏បានទាក់ទាញមនុស្សច្រើនកកកុញដូចគ្នា។

 

 


ក្រឡេកទៅមើលប្រទេសជប៉ុន មុនបុណ្យណូអែលមកដល់នៅថ្ងៃទី ២៥ ខែធ្នូមកដល់ អ្នកស្រុក និងភ្ញៀវទេសចរនៅក្នុងប្រទេសនេះបាននិងកំពុងរីករាយនឹងពិធីបុណ្យនេះរួចហើយដោយបានទៅទស្សនាកន្លែងសិល្បៈ និងការរៀបចំភ្លើងបំភ្លឺដ៏ស្រស់ស្អាតនៅក្នុងទីក្រុងតូក្យូ។

 

 


ប្រទេសជប៉ុនមិនមានទំនាក់ទំនងខាងសាសនាជាមួយនឹងបុណ្យណូអែលនោះទេ ប៉ុន្តែទីក្រុងតូក្យូតែងប្រារព្ធពិធីបុណ្យនេះរៀងរាល់ឆ្នាំដោយមានជាការរៀបចំដាក់ភ្លើងបំភ្លឺនៅលើដើមឈើ និងភ្លើងពណ៌ជាច្រើន។ ការតុបតែងសម្រាប់បុណ្យណូអែលនៅតូក្យូជាធម្មតាចាប់ផ្ដើមពីចុងខែវិច្ឆិកា រហូតដល់ចុងខែធ្នូ ឬដើមខែមករា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024